ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។

សម្ដេច នាយករដ្ឋមន្ដ្រី ជួបជាមួយ ប្រធានាធិបតីបារាំង ក្នុងឱកាសអញ្ជើញ ចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា បារាំង ជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសទាំងពីរ កំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ ។

សម្ដេច នាយករដ្ឋមន្ដ្រី អរគុណមិត្តបារាំង ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ។ សម្ដេច នឹងរង់ចាំស្វាគមន៍វត្តមានរបស់លោក ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ ៕


