ព័ត៌មានជាតិ

កម្លាំងជំនាញចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅរដូវបិទឡូនេសាទ ដើម្បីឱ្យត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ!

កំពង់ធំ: សង្កាត់រដ្ឋបាលជលផល កំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរ:សេនិយ៍ទោ ទិត ចាន់ នាយរងសេនាធិការ បញ្ហាការស្រាលឈរជើងនៅព្រែកធ្លក (យោធភូមិភាគទី៤) បានដឹកនាំកម្លាំងចម្រុះ ផ្នែកសិករងក្រុង ស្រុក និងកម្លាំងរដ្ឋបាល ជលផលឈរ ជើងនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យនិងបង្ក្រាប បទល្មើសនេសាទនៅចំណុចមុខព្រែកជើងលោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

កម្លាំងជំនាញចម្រុះចុះបង្ក្រាប់ បទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២៧របាំងប្រវែង១៣០០ម៉ែត្រ ទ្បុកចំនួន៥៤គ្រឿង លូ៥៤មាត់ បង្គោលចំនួន៥៥០ដើម ចាក់ព្រលែងកូនត្រីទំងន់ ២០គីទ្បូក្រាមចូលទន្លេវិញ។

ចំពោះសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និងចំណុច ព្រែករលំាទ្រុង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរ ក្រុមការងារកម្លាំងចម្រុះចុះបង្រ្កាប និងទប់ស្កាត់បទល្មើសបឹងទន្លេសាប នៅឃុំពាមបាងជា លទ្ឋផលអនុវត្តបាន០២ករណី បានរុះរើកាប់បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់របាំងស្បៃមុង និងរបាំងសាច់អួន ក្រឡាញឹកនៅនឹងកន្លែងរួមមមាន÷ របាំងស្បៃមុងចំនួន ៨របាំងប្រវែង២៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន ៩របាំងប្រវែង៥៩០ម ឡុកចំនួន១៧គ្រឿង លូចំនួន២៦មាត់ បង្គោលឈើចំនួន១០២០ដើម៕
ដោយសំនៀង

To Top