ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយដំណើរទស្សនកិច្ចលើកនេះ ទទួលបាននូវ លទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់ ជាពិសេសការធ្វើពិពិធកម្ម គោលដៅទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
១. ពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០
នៅក្នុងឱកាស នៃការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ លោករដ្ឋមន្ត្រី ត្រូវបានអញ្ជើញជាគណៈអធិបតី ចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការ ពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០។ នៅពន្លាក្រសួងទេសចរណ៍ មានការរៀបចំតាំងបង្ហាញផលិតផល ក្នុងស្រុករបស់កម្ពុជា និងការបញ្ចាំងនូវឃ្លីបវីដេអូ ផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ ដែលបានទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមព្រឹត្តិការណ៍យ៉ាងខ្លាំង។ ក្នុងព្រឹត្តិការណ៍នេះ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា បានទទួលការណាត់ជួប ជាមួយដៃគូធុរកិច្ច ដែលជាអ្នកទិញធំៗ មកពីជុំវិញពិភពលោក ដោយមានការផ្គូរផ្គងគ្នា ដែលជួយនាំមកនូវការទិញផលិតផលនិងសេវាកម្មទេសចរណ៍ ក្នុងប្រទេសកម្ពុជាយ៉ាងច្រើន។
២. សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ
នាឱកាសនៃការចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០លោករដ្ឋមន្ត្រី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ ក្រោមប្រធានបទ “បរិវិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)” ដោយមានអ្នកចូលរួម ជាថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ពីប្រទេសមួយចំនួនក្នុងពិភពលោក ថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយដៃគូ និងក្រុមហ៊ុន ឈានមុខក្នុងវិស័យទេសចរណ៍មួយចំនួនដូចជា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korean Center) សមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (Korea Association of Travel Agents-KATA) ស្ថាប័នទេសចរណ៍ខេត្ត Gyeonggi ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline, Korean Air និង Air Astana ក្រុមហ៊ុន SUN IN Engineering & Architecture ក្រុមហ៊ុន Buddy Cash Global Co., Ltd. បណ្តាញទូរទស្សន៍ដ៏ធំ Seoul Broadcasting System (SBS) សមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងស្ថាប័នទេសចរណ៍ទីក្រុង Incheon ក្នុងគោលដៅផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគលើវិស័យ ទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ រួមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កូរ៉េ ឱ្យលើសពីនេះបន្ថែមទៀត។
លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានអនុញ្ញាតជូនលោកស្រីជើង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពទេសចរណ៍វិនិយោគ ដល់ប្រជាជន និងវិនិយោគិនកូរ៉េផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា និងគ្រួសារកូរ៉េ ដែលកំពុងរស់នៅប្រកបការងារ និងធុរកិច្ចនៅសាធារណរដ្ឋកូរ៉េ ដោយបានពាំនាំនូវសារនឹករលឹក និងសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការអំពាវនាវ ឱ្យជួយផ្សព្វផ្សាយពីសភាពការណ៍ ពិតនៃនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាពលរដ្ឋកូរ៉េ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ អំពីប្រទេសកម្ពុជាផងដែរ។
ជារួមដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាធារណរដ្ឋកូរ៉េ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់ ជាពិសេសការធ្វើពិពិធកម្មគោលដៅទីផ្សារ ទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងការផ្សព្វផ្សាយកិត្តិនាមដ៏ល្អ របស់ប្រទេសកម្ពុជាជូនដល់ថ្នាក់ដឹកនាំ ប្រជាជន និងធុរជនកូរ៉េ៕




