ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅទីក្រុងនីស ប្រទេសបារាំង, លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានបញ្ជាក់ថា បារាំង អាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគី កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ បើសិនជាមានការចាំបាច់។
នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល ៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង។
លោក រដ្ឋមន្ត្រី បានឱ្យដឹងថាក្នុងជំនួបទ្វេភាគី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបញ្ហាកម្ពុជា-ថៃ ចំពោះមុខ ប្រធានាធិបតីបារាំង ម៉ា ក្រុង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ គឺគ្មានឡើយគោលដៅផ្សេង។
លោក រដ្ឋមន្ត្រី បន្ដថា ហើយគោលជំហររបស់ប្រទេសកម្ពុជា ក្នុងរឿងរ៉ាវព្រំដែនជាមួយប្រទេសថៃ ដូចជា ៖
ទី១- កម្ពុជា បន្ដរក្សាសន្ដិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ។
ទី២- កម្ពុជា ច្បាស់ណាស់ យកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហាតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះដោយសន្តិវិធី និងឲ្យ បានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យ នៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមាន ជាជម្លោះប្រដាប់អាវុធសារជាថ្មី។
ទី៣- បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។
និងទី៤- បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
លោក រដ្ឋមន្ត្រី គូសបញ្ជាក់ថា «សម្តេចបវរធិបតី លើកឡើងពីបញ្ហាទាំងនេះ ចំពោះមុខប្រធានាធិបតីម៉ាក្រុង គឺដើម្បីតែគោលដៅមួយគត់ នោះគឺបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា នៅក្នុងរឿងរ៉ាវហ្នឹង មិនមែនសម្រាប់គោលដៅអីផ្សេងទេ ម្ល៉ោះហើយយើងក៏មិនបានទន្ទឹងរង់ចាំចម្លើយ បញ្ជាក់ច្បាស់ពីប្រធានាធិបតីម៉ាក្រុងដែរ យ៉ាងណាក៏ដោយ ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុង បានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួល ជាអាទិ៍តាមរយៈការផ្តល់ឯកសារ ឯកសារនេះឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផងដល់កម្ពុជាផង បើសិនជាមានការចាំបាច់»៕
