ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ៖ ការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី ជាសិទ្ធិផ្ទាល់ខ្លួនគាត់

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា កញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារហើយបានធ្វើកូដកម្មបង្អត់អាហារ គឺជាសិទ្ធិផ្ទាល់ខ្លួនរបស់កញ្ញា គ្មានអ្នកណាហាមឃាត់នោះ ។

លោក ជា ធីរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១១ មិថុនាថា កញ្ញា សេង ធារី បើមិនចង់ហូបអាហារក៏ធ្វើទៅ គ្មានអ្នកជំទាស់នោះទេ ។ លោកថា “ករណីបង្អត់អាហារនោះគឺជាសិទ្ធិរបស់គាត់ ។ គាត់មិនចង់ហូបអាហារ ឬពិសារអាហារយ៉ាងណា អានោះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗគ្មានអ្នកណាទៅបង្ខំទេ”។

ចំពោះបំណងរបស់កញ្ញាដែលធ្វើបាបខ្លួនឯង មិនហូបអាហារដើម្បីឲ្យមានការដោះលែងខ្លួន និងសកម្មជនក្រុមប្រឆាំងនោះ ត្រូវបានអ្នកនាំពាក្យអះអាងថា គឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការ អនុវត្តទោសទៅតាមផ្លួវច្បាប់ឲ្យតែអ្នកប្រព្រឹត្តអំពើខុសច្បាប់។

រាល់ពេលតុលាការអនុវត្តន៍វិធានការណ៍ផ្លូវច្បាប់ ទៅលើអ្នកប្រព្រឹត្តខុសច្បាប់ដែលជាសកម្មជនបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស មានអ្នកខ្លះលើកតម្កើងថា ជាអ្នកទោសមនសិកា និងអ្នកទោសនយោបាយនោះ លោកគូសបញ្ជាក់ត្រឡប់ទៅវិញថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹត្តផ្ទុយពីច្បាប់ ដែលត្រូវបានតុលាការចោទប្រកាន់។ លោក ជា ធីរិទ្ធថា ក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងឲ្យតែពួកគេធ្វើសកម្មភាពខុសច្បាប់ ហើយត្រូវកាត់ទោសជាប់ពន្ធនាគារតែងតែ ស្នើឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ ។

សូមបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលចំនួន៧ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនាថ្ងៃ១១ មិថុនា នេះ ពាក់ព័ន្ធទៅនឹងកញ្ញា សេង ធារី ដែលបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ក្នុងពន្ធនាគារអស់រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ១ដល់១៤មិថុនា ។ ការបង្អត់អាហារនេះជាលើកទី៤ របស់កញ្ញាហើយ ។ ការធ្វើកូដកម្មនេះ ដើម្បីឲ្យមានការយកចិត្តទុកដាក់ ចំពោះការជាប់ឃុំរបស់កញ្ញាផ្ទាល់ និងអំពាវនាវឲ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ។

កញ្ញា សេង ធារី ដែលមានសញ្ជាតិខ្មែរ-អាមេរិកាំងជាមេធាវីសិទ្ធិមនុស្ស ជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជាសកម្មជននយោបាយគណបក្សជំទាស់ ត្រូវបានតុលាការផ្តន្ទាទោស ជាមួយនឹងសកម្មជនគណបក្សជំទាស់ជាច្រើននាក់ផ្សេងទៀត ដោយត្រូវកំណត់ទោសរយៈពេល៦ឆ្នាំ ក្នុងពន្ធនាគារពីបទ ញុះញង់ និងរួមគំនិតក្បត់ពាក់ព័ន្ធ គម្រោងវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី ។ កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕

To Top