ព័ត៌មានជាតិ

សម្តេចធិបតី ប្រាប់ពលរដ្ឋខ្មែរនៅបារាំងថា រាជរដ្ឋាភិបាល​ ប្តេជ្ញាការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ ប្រាប់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ​ប្រទេសបារាំងថា រាជរដ្ឋាភិបាល​ ប្តេជ្ញាការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយ ឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ហ៊ុន ម៉ាណែត ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរនៅទីក្រុងនីស និងជួបសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិង ប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំងមុននឹងធ្វើមាតុភូមិនិវត្តន៍ ប្រទេសកម្ពុជាវិញ ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ទោះជាមិនបានជួបជា មួយបងប្អូនខ្មែរទាំងអស់ ដែលរស់នៅទីក្រុងនីស ដោយសារពេលវេលាមានកំណត់ ក៏សម្តេចមានការសប្បាយរីករាយ ដែលបានជួបជាមួយ​ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅទីនេះ និងបានអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះសម្តេច និងលោកជំទាវ និងក្រុមការងារ។

ក្នុងនោះសម្តេចធិបតី បានរំលឹកថា ទោះបីជាបងប្អូនរស់នៅឆ្ងាយ ពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើត របស់ខ្លួនមានជាប់ជាប្រចាំ។ ខណៈដែលពួកគាត់បានប្រាប់ ឱ្យសម្តេចធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាម ជាពិសេសពួកគាត់ តាមដានដោយក្តីបារម្ភ ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។

ឆ្លើយតបទៅពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំងវិញ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាព ទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយ ឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ និងប្រជាជនយើង»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម ដោយជោគជ័យក្នុងដំណើរអញ្ជើញចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល ៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង ខណៈដែលនេះជាដំណើរបំពេញបេសកកម្មការងារ នៅក្រៅប្រទេសថ្មីមួយទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យដ៏ធំធេង​ ក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក៕

To Top