ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការ បង្រៀនទ្រីស្តី នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល នាថ្ងៃ១១ មិថុនា បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ ។

ក្នុងឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ សាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់និស្សិតក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ រហ័ស ឆន្ទៈរៀនសូត្រ ប្រើពេល វេលាសិក្សាត្រឹមត្រូវ និងឲ្យអស់ពីលទ្ធភាព ទាំងការស្តាប់ និងការកត់ត្រា ព្រមទាំងត្រូវមាន ភាពក្លាហានលើកជាសំណួរ ឲ្យបានច្រើនដល់គ្រូបង្រៀន ។ សាស្រ្តាចារ្យ បានបន្ថែមថា ការសិក្សាមិនចេះចប់នោះទេ ទាំងពេលការសិក្សា រហូតដល់ពេលបំពេញការងារ ក៏ត្រូវបន្តសិក្សា ជាប់ជាប្រចាំ ដើម្បីបន្តពង្រឹងសមត្ថភាព ការធ្វើនវានុវត្តស្រប តាមសម័យកាល និងស្វែងយល់ នូវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។

សាស្រ្តាចារ្យ ក៏ផ្ញើសារផ្តាំ ទៅក្រុមនិស្សិតពេទ្យទាំងអស់ថា នៅពេលបញ្ចប់ការសិក្សា ត្រូវប្រកាន់ភ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ សង្គមជាតិ និងអ្នកជំងឺ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍៤ចំណុច ជូនសាស្រ្តាចារ្យ រួមមាន៖ ១) បន្តរៀនសូត្រជាប្រចាំ សំដៅបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនឲ្យបានជាប្រចាំ , ២) បណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយឲ្យមានសមត្ថភាព និងក្លាយជាអ្នកបន្តវេន , ៣) ពង្រឹងសមត្ថភាព គរុកោសល្យ និង ស្រាវជ្រាវឲ្យទាន់សម័យ និង៤) ត្រូវមាននវានុវត្តន៍ ក្នុងការបង្រៀន។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ សាកលវិទ្យាល័យវិទ្យា សាស្រ្តសុខាភិបាល ខិតខំបន្ថែមទៀត វិនិយោគលើ ឧបករណ៍បង្រៀន និងបង្ហាញត្រាប់ បញ្ចូល បន្ថែមការបង្រៀន និងការវាយតម្លៃនិស្សិត លើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត តាំងពីឆ្នាំដំបូង រហូតដល់ពេលសិក្សាពាក់កណ្តាលកម្មវិធីសិក្សា រហូតដល់ឆ្នាំបញ្ចប់ សំដៅពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈនិស្សិត ឲ្យមានឥរិយាបទ ល្អប្រពៃ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ៕

To Top