ព័ត៌មានជាតិ

ធនាគារពិភពលោក ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៤% ឆ្នាំ២០២៥ និង ៤,៥% ឆ្នាំ២០២៦

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង ៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។

ធនាគារពិភពលោក បានលើកអនុសាសន៍ដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា «ពុះពារ ភាពមិនប្រាកដប្រជា» ដែលមានផ្នែកផ្តោតសំខាន់មួយក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់ អនាគតកម្ពុជា»។ ចេញផ្សាយនៅថ្ងៃនេះ របាយការណ៍បានព្យាករថា «កំណើនសេដ្ឋកិច្ចកម្ពុជា ត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យ អចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន»។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។

លោកស្រី បានបន្ថែមថា «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។

ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ៕

To Top