ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១០ មិថុនា បានធ្វើបទបាឋក ថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពីវិធីសាស្រ្ត នៃការគិតពិចារណា “សម្ភារៈនិយមវិចារ វិទ្យាបែបវិទ្យាសាស្រ្ត” ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោម ឱវាទក្រសួងតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣ ៤៧២នាក់ ។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកពីវីរៈភាពរបស់មន្រ្តីសុខាភិបាល ដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ព នៅតាមតំបន់ព្រំដែន ក្នុងខេត្តព្រះវិហារ ។ សាស្រ្តាចារ្យ បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវា នៅជួរព្រំដែនទាំងស្មារតី និង សម្ភារៈជាពិសេសក្នុងគ្រាអាសន្ន ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំជូនថ្នាក់ដឹក នាំគ្រប់ឋានានុក្រមពីសមិទ្ធផល ដែលគណៈប្រតិភូក្រសួងសុខាភិបាល ទទួលបាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការ សុខភាពពិភពលោកលើកទី៧៨។

ជាមួយគ្នានេះដែរ សាស្ត្រាចារ្យបាននាំយក នូវសេចក្តីស្រឡាញ់រាប់អាន ការកោតសើរពីនាយកប្រចាំតំបន់ (WHO-Western Pacific Region, Regional Director) និងអគ្គនាយកអង្គការសុខភាពពិភពលោក Dr Tedros នាជំនួបទ្វេភាគី មកដល់គ្រប់បុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។

ជាកិច្ចបន្ត សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំណុចសំខាន់ៗ នៃនិយមន័យ នៃភាពជាអ្នកដឹកនាំក្នុងស្ថានភាពបច្ចុប្បន្ន។ បន្ថែមពីលើនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើយកប្រធានបទ “ភាពចាំបាច់ និងភាពចៃដន្យ” ជាផ្នែកមួយនៃវិចារវិទ្យា បែបសម្ភារៈនិយម មកធ្វើការពន្យល់ សម្រាប់ជួយឱ្យថ្នាក់ដឹកនាំ អាចស្វែងយល់ស៊ីជម្រៅថែមទៀត ពីអង្គវត្ថុឬបាតុភូតិ ។ គោលគំនិតនេះអាចជួយឱ្យអ្នកដឹកនាំ អាចទទួលយកអ្វីដែលមានភាពចាំបាច់ និងមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ភាពចៃដន្យ ដែលអាចកើតមានឡើង៕







