កន្លងមក ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក តែងតែតាំងខ្លួនជា«បិតាសេរីភាព បិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្ស» ដោយបានរិះគន់និងថ្កោលទោស ប្រទេសដទៃលើបញ្ហា«រំលោកសិទ្ធិសេរីភាព រំលោភប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស»ជាដើម ហើយបានប្រើបញ្ហាទាំងនេះ ជាមូលហេតុ សម្រាប់ដាក់ទណ្ឌកម្មឬ បិទខ្ទប់ចំពោះប្រទេសពាក់ព័ន្ធ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលជា «បិតាប្រជាធិបតេយ្យ» ពិតជាបានអនុវត្ត តាមបែបប្រជាធិបតេយ្យពិតប្រាកដមែនទេ ? ជាឧទាហរណ៍ជាក់ស្តែងមួយ ៖ សង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានអូសបន្លាយអស់ ពេលជាងមួយឆ្នាំមកហើយនោះ បានធ្វើឱ្យប្រជាជន ក្នុងតំបន់រងទុក្ខវេទនា មើលមិនឃើញកោះត្រើយ នៃសន្តិភាព និងបានបណ្តាលឱ្យមនុស្សជាង ៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត កុមារជាច្រើនត្រូវក្លាយជាក្មេងកំព្រា មនុស្សរាប់ម៉ឺននាក់រស់ក្នុងភាពអត់ឃ្លាន ចំណែកឯសម្ភារៈជំនួយមនុស្សធម៌មិនអាចដឹកជញ្ជូនចូលទៅបាន ។ល។ ប៉ុន្តែ ខណៈពេលសហគមន៍អន្តរជាតិ បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនិងស្តារសន្តិភាពនៅតំបន់ហ្កាហ្សាឡើងវិញ អាមេរិកបានបោះឆ្នោត ប្រឆាំងបទឈប់បាញ់ម្តង ហើយម្តងទៀត ដែលធ្វើឱ្យបទឈប់បាញ់មិនអាចត្រូវបានអនុវត្ត ។ ពិសេស កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅ ក្នុងខណៈដែលរដ្ឋអចិន្ត្រៃយ៍ចំនួន ៤ និងរដ្ឋមិនអចិន្ត្រៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សុទ្ធតែបានបោះឆ្នោះគាំទ្រសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្ត ស្តីពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា សហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ត្រូវអសារបង់ ហើយការទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុត របស់ប្រជាជនហ្កាហ្សាចំពោះសន្តិភាពត្រូវរលាយបាត់សូន្យម្តងទៀត ។
នេះឬដែលហៅថា «ប្រជាធិបតេយ្យ» ? ការអនុវត្តប្រជាធិបតេយ្យ តាមបែបអាមេរិកបានប្រឡាក់ ទៅដោយឈាមស្រស់របស់ប្រជាជនរាប់ម៉ឺននាក់ និងទឹកភ្នែករបស់មនុស្សរាប់មិនអស់ នៅតំបន់ហ្កាហ្សា ។ តើប្រជាធិបតេយ្យរបស់អាមេរិក ត្រូវការការបង់តម្លៃជាអាយុជីវិត របស់ប្រជាជនស្លូតត្រង់ នៃប្រទេសដទៃច្រើនបែបហ្នឹងមែនទេ ?
ជាឧទាហរណ៍មួយទៀត គេនៅចាំយ៉ាងច្បាស់ថា ក្នុងអំឡុងពេលដែលទីក្រុងហុងកុងប្រទេសចិនកើតមានភាពចលាចលកាលពីឆ្នាំ ២០១៩ ដោយសារក្រុមអបគមន៍ និយមមួយក្តាប់តូចនៅហុងកុង គប់គិតជាមួយកម្លាំងប្រឆាំងចិននៅខាងក្រៅ ដែលធ្វើឱ្យទីក្រុងទាំងមូល ធ្លាក់ចូលក្នុងសភាពអសន្តិសុខ និង អស្ថិរភាព ហើយរដ្ឋបាលហុងកុងបាន ចាត់បញ្ជូនកងកម្លាំងប៉ូលិស ទៅការពារសុវត្ថិភាព អាយុជីវិតនិងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់របស់អាមេរិក បែរជានិយាយតាមបែបអគតិថា ប៉ូលិសហុងកុងបាន«បំបិទសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ» របស់ពលរដ្ឋ ។ លើសពីនេះទៅទៀត លោកស្រី Pelosi អតីតប្រធានរដ្ឋសភាអាមេរិកថែមទាំងនិយាយយ៉ាងឈាមត្រជាក់ថា ៖ ភាពចលាចលនៅហុងកុងជា«ទិដ្ឋភាពដ៏ស្រស់ត្រកាល» ។
យើងងាកមកមើលពីបាតុកម្ម ដែលទើបកើតឡើងនាពេលថ្មីៗនេះនៅឯរដ្ឋ California នៃសហរដ្ឋអាមេរិកវិញ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ នៅរដ្ឋនេះ ទោះបីជាមានការប្រឆាំងពីអភិបាលរដ្ឋ California លោក Gavin Newsom ក្តី ។ កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ ២០០០ នាក់ ត្រូវបានដាក់ពង្រាយរួច ដើម្បីបង្រ្កាបបាតុកម្មដែលផ្ទុះឡើងហើយប្រែក្លាយទៅអំពើហិង្សា ។ អ្វីដែលគួរឱ្យកត់សម្គាល់ លោក ត្រាំ ចង់ឱ្យមានការចាប់ខ្លួនលោក Gavin Newsom ដែលអះអាងថា ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិវាជាបទបញ្ជាល្មើសច្បាប់អាមេរិកទៀតផង ។ ប្រការនេះបង្ហាញថា «មានតែអញទេដែលជាធំ អ្នកណាប្រឆាំងនឹងត្រូវជាប់ទោស» នេះហើយឬប្រជាធិបតេយ្យបែបអាមេរិក ?
ហេតុអ្វីពេលដែលកើតមានសកម្មភាព បាតុកម្មនៅក្នុងប្រទេសខ្លួន រដ្ឋាភិបាលអាមេរិកបានចាត់ទុកជាអំពីហិង្សាហើយបញ្ជូនកងកម្លាំងទៅបង្ក្រាប ? តែពេលកើតឡើងនៅប្រទេសដទៃ គេបង្ក្រាបភាពវឹកវរដើម្បីស្ថិរភាពសង្គមដូចគ្នា បែរជាអាមេរិកចោទថា«រំលោភសិទ្ធិមនុស្ស»ទៅវិញ ? ការនិយាយយកតែត្រូវ ខ្លួនឯងបែបនេះឬទើបជា«ប្រជាធិបតេយ្យ»ពិតប្រាកដ ? ជាពិសេស អ្នកនយោបាយ អាមេរិកធ្លាប់និយាយថា សកម្មភាពបាតុកម្ម នៅហុងកុងជា «ទិដ្ឋភាពដ៏ស្រស់ត្រកាល»មួយ អ៊ីចឹងនៅអាមេរិកវាក៏ដូចគ្នាដែរ ចុះចាំបាច់ទៅបង្ក្រាបវាធ្វើអី ម្តេចមិនទុកសម្រាប់មើល កម្សាន្តអារម្មណ៍ទៅ ? មុននឹងនិយាយឆ្ការដៃឆ្ការជើង រិះគន់ឬថ្កោលទោសអ្នកដទៃ គួរពិនិត្យពីការប្រព្រឹត្តរបស់ខ្លួនជាមុនសិន ល្បែងស្តង់ដាពីរគ្មានអ្នកលេងជាមួយនោះឡើយ ។
ជារួម ប្រជាជនជាមូលដ្ឋានគ្រឹះ នៃប្រជាធិបតេយ្យ ហេតុដូច្នេះ ប្រជាធិបតេយ្យត្រូវតម្កល់ប្រជាជនជាស្នូល តម្កល់អាយុជីវិតមនុស្សជាចម្បង តែមិនមែនប្រើប្រជាធិបតេយ្យ ជាឧបករណ៍នយោបាយសម្រាប់បម្រើអំណាចអនុត្តរភាពរបស់ខ្លួននោះឡើយ ។ ប្រជាធិបតេយ្យគ្មានស្តង់ដាតែមួយគត់នោះទេ ឱ្យតែមានការគាំទ្រពីប្រជាជនភាគច្រើនលើសលប់ នោះក៏ជាប្រជាធិបតេយ្យពិតប្រាកដ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
