ណានជីង ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថ្លែងទៅកាន់លោក Xu Kunling អភិបាលខេត្តជាំងស៊ូ លោក Yang Wanming ប្រធានសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស និងអង្គពិធីទាំងមូល ដែលជាសមាគមមិត្តភាព របស់បណ្តាប្រទេសនីមួយៗជាមួយប្រទេសចិន សរុបចំនួន២៣ ប្រទេស ដែលបានអញ្ជើញចូលរួម នៅក្នុងពិធីបើកវេទិកា អបអរសាទរខួប៧០ឆ្នាំថ្ងៃ បង្កើតសមាគមប្រជាជនខេត្តជាំងស៊ូ ដើម្បីមិត្តភាព ជាមួយបរទេស ដោយទទួលបានការអនុញ្ញាតពីលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិ សមាគម បានថ្លែងថា បើទោះបីជាពិភពលោកបាននិង កំពុងស្ថិតក្នុងបម្រែបម្រួល ដ៏ខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយរយឆ្នាំ មកនេះ ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកលយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងនិងការពឹងផ្អែកគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែមានភាពស៊ីជម្រៅនិងរឹងមាំ ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ក្រោមការដឹកនាំប្រកប ដោយភាពវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងទាំងពីរ បានបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំលើការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ដោយរំលឹកឡើងវិញពីប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិតបានមានប្រសាសន៍ថា បើរាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក កាំង ថៃ និងលោក ជូ យីង នៅសតវត្សរ៍ទី៣ នោះយើងនឹងឃើញកាន់តែច្បាស់ពីប្រពៃណី ក្នុងដំណើរដ៏យូរអង្វែងនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយមកដល់សម័យ ឌីជីថលនេះ ស្មារតីរួមដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរតែងប្រើពាក្យថា «អ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និង បងប្អូនល្អ» មកបញ្ជាក់ពីភាពរឹងមាំខ្លាំងក្លា មិនអាចបំបែកបាន នៃចំណងមិត្តភាព អមតៈរវាងកម្ពុជា-ចិន ។ ពីដំណើរបេសកកម្មការទូតរបស់លោក ជីវ តាក្វាន់ នាសម័យអង្គរ រហូតមកដល់ ពេលបច្ចុប្បន្ននេះ កម្ពុជានិងចិន បានយល់ស្របគ្នាថា សន្តិភាពគឺជាទម្រយ៉ាងរឹងមាំ ដែលប្រទេសយើងទាំងពីរ បានប្រកៀកស្មាគ្នា យ៉ាង ជិតស្និទ្ធក្នុងការថែរក្សា ដែលជាគន្លឺះដល់ការអភិវឌ្ឍ ។ ក្នុងចរន្តនៃការអភិវឌ្ឍ កម្ពុជាគឺជាប្រទេសទី១ ដែលបានចូលរួមនៅក្នុង «គំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ» ដែលជាគំរូភាព នៃទំនាក់ទំនងដ៏ល្អ រវាងប្រទេសយើងទាំងពីរក្នុងការផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ។ ប្រសិនជាយើងក្រឡេក ទៅមើលប្រវត្តិសាស្រ្ត កាលពី៧០ឆ្នាំមុនក្នុងសន្និសីទបានឌុង នោះយើងនឹង មិនមានភាពស្ទាក់ស្ទើរ លើការគូសបញ្ជាក់ យ៉ាងប្រត្យក្សពីទំនាក់ ទំនងរវាងកម្ពុជា និងចិន ដោយកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដល់សំណើរបស់ចិន ដែលបានបន្លឺឡើងជុំវិញពិភពលោកពី «ស្មារតីបានឌុង» ក្នុងការស្វែងរកមូលដ្ឋានរួម ខណៈពេលដែលរក្សាភាពខុសគ្នា និងបានប្រើប្រាស់គំនិតនៃ«ការអភិវឌ្ឍរួម» ដើម្បីបង្រួបបង្រួមភាព រឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍ ។ មកដល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរនៅបន្តស្មារតីបានឌុង ដោយលើកទឹកចិត្តដល់ការ អនុវត្តគោលការណ៍«ពហុភាគីនិយមពិតប្រាកដ» ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងបន្តជាអ្នករួមចំណែកការពារសណ្តាប់ធ្នាប់អន្តរជាតិ ។ ប្រទេសយើងទាំងពីរបានឯកភាពទទួលយកទស្សនវិជ្ជាផ្អែកលើ«ភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាព»ក្នុងរង្វង់នៃអភិបាលកិច្ចសកល។

ដោយគូសរំលេចពីការអភិវឌ្ឍនៅកម្ពុជា រួមជាមួយដំណើរទស្សនកិច្ច របស់លោកអភិបាលខេត្តជាំងស៊ូ ទៅកាន់ប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២៥កន្លងមក លោកបណ្ឌិត ក៏បានរំលេចពីទំនាក់ទំនងល្អរវាងកម្ពុជាជាមួយខេត្តជាំងស៊ូ ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងកំពង់ផែJiangyin ក្រុងWuxi ប្រទេសចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រកាសជាផ្លូវការឆ្នាំទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ហើយតាមរយៈវេទិកានេះ លោកបណ្ឌិតបានលើកទឹកចិត្ត ដល់ប្រជាជនចិន និងបរទេសទាំងអស់អញ្ជើញមកទស្សនា និងមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដើម្បីបន្តបង្កើនកិច្ចរួមចំណែកអភិវឌ្ឍកម្ពុជា ក្រោមម្លប់សុខសន្តិភាព ហើយសមាគមមិត្តភាព កម្ពុជា-ចិនដែលមានអាយុ២៥ឆ្នាំ មកនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសម្របសម្រួល និងជាស្ពានទំនាក់ទំនងដ៏ល្អ រវាងប្រជាជនកម្ពុជានិងប្រជាជនចិននិយាយដោយឡែក រវាងប្រជាជនកម្ពុជា និងប្រជាជាតិបរទេសនានាទាំងអស់និយាយរួម៕



