ព័ត៌មានជាតិ

ខេត្តកំពង់ធំប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ(ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក)!

កំពង់ធំ: នៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៥ នៅខេត្តកំពង់ធំមានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ(ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក) ដោយមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរង តំណាងឱ្យ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ការប្រារព្ធពិធីនេះក្នុងគោលបំណងផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក។ ក្នុងនោះក៏បានបញ្ជាក់ផងដែរ នៅការជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្ត្រៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់ អតិថិជន។

លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តាមរបាយការណ៍ មន្ទីរទទួលផែនការបណ្តុះកូនឈើ១០ម៉ឺនដើម ក្នុងមួយឆ្នាំ ឆ្នាំនេះមន្ទីរបណ្តុះបាន ចំនួន១០១.០០០ដើម ដែលមានកូនឈើព្រៃ  ឈើហូបផ្លែ ឈើលម្អ និងត្នោត។

លោក ជា វ៉ាន់ចាន់ មានប្រសាសន៍ថា ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ​ (ប្រយុទ្ធប្រឆាំងការបំពុល ដោយសំណល់ប្លាស្ទិក) ត្រូវបាន ចាត់ទុកថាជា(ជនបង្គោល) និង (យុវសិស្សបង្គោល) ដែលនឹងត្រូវដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយបន្ត ទៅក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅភូមិផងរបងជាមួយគ្នា និងដឹកនាំការអនុវត្តផ្ទាល់ នូវសកម្មភាពទុកដាក់ សំណល់ប្លាស្ទិកឱ្យបានសមស្រប តាមលក្ខណៈបច្ចេកទេស ការប្រើប្រាស់ឡើងវិញនូវសម្ភារៈដែលធ្វើពីប្លាស្ទិក និងការប្រើប្រាស់វត្ថុ ដែលមិនមែនផលិតពីប្លាស្ទិកជំនួស ដូចជា ថង់ក្រណាត់ កន្ត្រករពាក់/ឫស្សី ដបទឹកសុទ្ធធ្វើពី អ៉ីណុក ។

លោក ជា វ៉ាន់ចាន់ បញ្ជាក់ផងដែរថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាក្នុង កិច្ចគាំពារបរិស្ថាន បង្ហាញពីការយកចិត្តទុកដាក់ របស់ប្រជាជនកម្ពុជា រួមជាមួយប្រជាជាតិលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាព បរិស្ថានភពផែនដី ឱ្យឈានឆ្ពោះទៅកាន់ការរស់នៅ ប្រកបដោយចីរភាព សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ព្រមទាំងថែរក្សាការពារបាននូវ ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់បឹងទន្លេសាប និងតំបន់ការពារធម្មជាតិផ្សេងទៀត៕
ដោយសំនៀង

To Top