កំពង់ធំ: នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧ -២១ មិថុនា ២០២៥) នៅតំបន់ដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលខេត្ត ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគូសបញ្ជាក់អំពីវឌ្ឍនភាព របស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ក្នុងរយៈពេល១៨ឆ្នាំ កន្លងទៅ មានជាអាទិ៍ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះ សាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅ មិនសមរម្យនៅតាមមូលដ្ឋាននានា បានចំនួន២៤៦ ខ្នងផ្ទះ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន២០៦ខ្នងផ្ទះ និងបានសម្បទានដីសង្គមកិច្ចជូនគាត់ចំនួនជាង២៧៦ ហិកតា។

ក្រៅពីនោះបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារ សពអតីតយុទ្ធជន ក្នុងមួយសពចំនួន ៤លានរៀល សម្រាប់ធ្វើបុណ្យសព បានទាន់ពេលវេលា នឹងបានសហការជាមួយលោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ។

លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ ចំពោះទិវាអតីតយុទ្ធជន ខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥ និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាព របស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

នៅក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នៅពេលនេះ បងប្អូនអតីតយុទ្ធជនចំនួន២០៦គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច នាភូមិអតីតយុទ្ធជននៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ផងដែរ ៕
ដោយសំនៀង
