ព័ត៌មានជាតិ

វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

ភ្នំពេញ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣រួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា។

លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា TVET Day ជាទិវាដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អាចមកចូលរួមទស្សនាការដាក់តាំងបង្ហាញពីស្នាដៃ មុខជំនាញផ្សេងៗជាច្រើនព្រមទាំងអាចជួបជែកដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតដែលមានបទពិសោធន៍បញ្ចេញស្នាដៃរបស់ខ្លួន ព្រមទាំងឱកាសផ្សេងៗជាច្រើនទៀត។

លោកស្រីនាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់ មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ។ ការចូលរួមទិវានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ក៏ដូចជាទទួលបានឱកាសស្វែងយល់ពីជំនាញ ឱកាសការងារ ក៏ដូចជាឱកាសទំនាក់ទំនងជាមួយរោងចក្រសហគ្រាស ផងដែរ៕

To Top