ហ្ស៊ឺណែវ ប្រទេសស្វីស៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបទអន្ដរាគមន៍តាមរយៈវីដេអូ នៅក្នុងសន្និសីទអន្តរជាតិលើកទី១១៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ។

ក្រៅពីការអបអរសាទរចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ស្តីពីការងារ សិទ្ធិ និងកំណើន ដែលបញ្ជាក់ឡើងវិញពីភាពពាក់ព័ន្ធគ្នារវាងការងារសមរម្យ សិទ្ធិការងារ និងកំណើនប្រកបដោយបរិយាបន្ន លោករដ្ឋមន្រ្តីបានចែករំលែកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការលើកកម្ពស់កិច្ចសន្ទនាសង្គម ការកែលម្អលក្ខខណ្ឌការងារ ការគោរពនិងលើកកម្ពស់សិទ្ធិការងារ ការបណ្តុះបណ្តាលជំនាញ និងការដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាដើម។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA ស្តីពីការងារ និងការគាំពារសង្គម ដើម្បីបន្តលើកកម្ពស់ការងារសមរម្យ យុត្តិធម៌សង្គម និងកំណើនប្រកបដោយបរិយាបន្ន សំដៅសម្រេចឱ្យបាននូវគោលដៅ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕




