ព័ត៌មានជាតិ

រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ៖ ក្រុមគ្រួសារបរិស្ថានចាត់ទុកបងប្អូនសមរភូមិមុខទាំងអស់ គឺជាសាច់ឈាមតែមួយ នៃមហាគ្រួសារខ្មែរ

ព្រះវិហារ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែកើតជាកូនខ្មែរតែមួយ ជាតិតែមួយ។

ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ជូនដល់កងទ័ព ដែលស្ថិតនៅខេត្តព្រះវិហារ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះរៀមច្បងទាំងអស់ និងកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនមិនឱ្យមានការខ្វះខាតឡើយ ។

លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏សូមធ្វើការបួងសួងដល់វត្ថុសក្ត័សិទ្ធទាំងអស់នៅលើលោកសូមឱ្យជួយថែរក្សាបងប្អូនកងកម្លាំងទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវ ដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង យកផ្ទះរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែល របស់ស្ថាបនិក អគ្គមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តន៍ឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនីដែល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូនាំ្កទៅជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសទព្រះវិហារ រួមមាន អង្ករ ត្រីខមី រួមជាមួយនិងគ្រឿង ឧបភោគបរិភោគ ជាច្រើនទៀត និថវិកាមួយចំនួនផងដែរ៕

To Top