ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ ចាប់ពីម៉ោង១២យប់នេះ កម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិត ពីថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថាចាប់ពីម៉ោង ១២ យប់នេះ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិត គ្រប់គ្រាន់ដោយខ្លួនឯង។

តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃ ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង»។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មក សម្ដេច ថា «ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង»។

ដោយឡែក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។

សម្ដេចគូសបញ្ជាក់ទៀតថា «បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែង កាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ»៕

To Top