ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលេីកឡេីងថា ប្រសិនបើថៃ នៅតែប្រមាថកម្ពុជា នឹងឈានទៅឈប់ ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើ ទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញ ។
ការលេីកឡេីងបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការ នាំចូលទំនិញថៃមកកាន់កម្ពុជា ។
តាមរយៈសារ Comment ឆ្លេីយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ថ្ងៃមុនពុកទប់ស្កាត់ កូនលើកឡើង លើការធ្វើពហិកា មិនប្រើទំនិញថៃ ព្រោះមិនទាន់ដល់ពេល និងទុកពេលចរចាសិន។ ពេលនេះដល់ពេលហើយដែលយើងត្រូវធ្វើ។ អុីនធើណែតថៃ បាត់ចំណូលក្នុង មួយឆ្នាំប្រមាណជាង ១០០លានដុល្លារ។ ខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផង មិនបានផ្សព្វផ្សាយវប្បធម៍ខ្លួនផង ។ ប្រសិនបើនៅតែប្រមាថកម្ពុជាយើង និងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញ ដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សា ដែល មួយឆ្នាំប្រមាណជាង ៤ពាន់លានដុល្លារ” ។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា “យើងចង់ទំនាក់ទំនងល្អ តែបើគេមិនចង់ធ្វើមិត្តជាមួយយើង គឺយើងត្រូវតែឆ្លើយតប ដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ ។ គេគំរាមយើងបែបអ្នកលេង តែយើងគឺអ្នកមែនគឺធ្វើតែម្តង”៕
