ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងចងសម្ពន្ធ័មេត្រីភាព ជាមួយរដ្ឋបាលខេត្ត Jeollanam do នៃសាធារណៈរដ្ឋកូរ៉េ

ភ្នំពេញ៖ ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក​ គីម យ៉ុងរុក (Kim Yung Rok) អភិបាលខេត្តចូឡាណាំដូ នៃសាធារណៈរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នា​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម​ នៅសាធារណរដ្ឋកូរ៉េ ។

ជំនួបរវាងអភិបាលខេត្តទាំងពីរខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបានពិភាក្សាលើការងារចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុង នៃខេត្តJeollanam-do និងការងារពាក់ព័ន្ធមួយចំនួន ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងពីការវិវឌ្ឍរីកចម្រើន របស់រាជធានីភ្នំពេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់របស់សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ថែមទាំងទទួលបានការកោតសរសើរ និងអបអរសាទរពីកម្រិតជាតិ និងអន្តរជាតិ ក្រោយកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៏ប៉ុលពត។

លោក ឃួង ស្រេង បានថ្លែងអំណរគុណ​ ដល់លោកអភិបាលខេត្ត​ Jeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូល​ ដែលបានទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ ជាង៤៦០០០នាក់។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងអបអរសាទរលោក Lee Jae myung ដែលទើបបានជាប់ឆ្នោត ជាប្រធានាធិបតីថ្មីនៃសាធារណៈកូរ៉េ ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ច របស់លោកអភិបាលខេត្ត Jeollanam do នៅរាជធានីភ្នំពេញនាពេលនេះ នឹងជួយជំរុញឱ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជា ​មានច្បាប់វិនិយោគប្រកបដោយការអនុគ្រោះ។

ជាការឆ្លើយតបលោក គីម យ៉ុងរុក Kim yung rok បានកោតសរសើរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិតជាបានខិតខំអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យរីកចម្រើនលឿន និងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា នឹងសុំទៅរាជរដ្ឋាភិបាល ដើម្បីចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងខេត្ត Jeollanam do បន្ថែម លើទីក្រុងចំនួន៣​ របស់ប្រទេសកូរ៉េខាងត្បូង​រួចហើយ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំង២៕

To Top