ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន៖ កងទ័ពត្រូវស្មោះត្រង់ និងហ៊ានពលិកម្មគ្រប់យ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជន

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងទ័ព និងបានគូសបញ្ជាក់ទៅកាន់ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ថា ត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី ហ៊ានពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជន ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានគូសបញ្ជាក់បន្ថែមទៅកាន់ កងទ័ពត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឹងម៉ាត់សាកសមជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។

ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកស្មារតី និងឧត្តមគតិស្នេហាជាតិ ហើយគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដោយមិនឱនក្បាលប្ដូរយកជំនួយរបស់បរទេសឡើយ៕

To Top