ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ស្ថានភាពតានតឹងរវាងកម្ពុជា-ថៃ វិវឌ្ឍន៍ទៅដល់ការរុញ ឲ្យប្រើប្រាស់ មធ្យោបាយសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស្ថានភាពតានតឹង រវាងកម្ពុជានិងថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹង ជាតិសាសន៍ ជាលក្ខណៈឯកតោភាគីថៃ ។ នេះបើតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានីនៅព្រឹកថ្ងៃ១៣ មិថុនា ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសារ ពីសំណាក់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិ ប្រជាជនជាធំ។ ក្នុងន័យនេះ លោកជឿជាក់ថា ជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីអះអាងថា ដូច្នេះកម្ពុជាមិនអាចនៅស្ងៀមស្ងាត់ ចំពោះការប្រមាថ ដែលមិនសមរម្យ មកលើជាតិសាសន៍កម្ពុជា ក្នុងនាមកម្ពុជា ជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោក ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងទៀតថា កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណី ពីប្រទេសណាមួយឡើយ ។ លោកថា ទោះបីជាកម្ពុជា ធ្លាប់ធ្លាក់ក្នុងអន្លង់ នៃវិនាសកម្ម ប៉ុន្តែបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី ។ តែគ្រប់កាលៈទេសៈ បើមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណា អាចកើតមានឡើង បានដូចបច្ចុប្បន្ននេះឡើយ ខណៈកម្ពុជាមានគុណតម្លៃផ្ទាល់ខ្លួន ហើយក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត។

ដូច្នេះលោក ហ៊ុន ម៉ានី បានស្នើទៅកូនខ្មែរគ្រប់រូបដែលជាផ្នែកនៃខឿនការពារជាតិថា គ្រប់គ្នាត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរ ៕

To Top