ព័ត៌មានជាតិ

ការចាប់ខ្លួនជនជាតិបារាំង អនុវត្តតាមដីកាតុលាការ មិនមែនជាការចាប់ជម្រិតទេ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានអះអាងថា ការចាប់ឃាត់ខ្លួនជនជាតិបារាំងឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពុំមែនជាការចាប់ជម្រិតទេ ប៉ុន្តែអនុវត្តទៅតាមដីការបស់តុលាការ ។

ការលើកឡើងរបស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំង លេខ 17FV26387 និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩ (០១) ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃ១៣ មិថុនានេះបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ជាង ធី ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ពុំមែនជាករណីចាប់ជម្រិតដូចការលើកឡើងនៅលើបណ្តាញសង្គម នោះឡើយ៕

To Top