ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “គោលការណ៍ ណែនាំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការ សកម្មភាពអាទិភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” ដោយមានការចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត-ក្រុង និងមន្រ្តីជំនាញមកពីគ្រប់ អង្គភាពក្រោមឱវាទក្រសួង។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយប្រកាស ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ ណែនាំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការ សកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា ក្របខ័ណ្ឌ M&E-MPWT) ដោយមានពិធីប្រគល់សៀវភៅ គោលការណ៍ណែនាំក្របខ័ណ្ឌ M&E-MPWT ជូនអង្គភាពក្រោមឱវាទក្រសួង និងចុចប៊ូតុងផ្សព្វផ្សាយ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំក្របខ័ណ្ឌ M&E-MPWT ។

ថ្លែងក្នុងកម្មវិធីបើសិក្ខាសាលានេះ លោករដ្ឋមន្រ្តីបានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរៀបចំក្របខ័ណ្ឌ M&E-MPWT នេះឡើងដ៏មានសារៈសំខាន់ ដែលជាយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាឧបករណ៍ដ៏ចាំបាច់សម្រាប់ជំរុញ និងវាស់វែងសមិទ្ធកម្ម នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និង កំពុងចូលរួមយ៉ាងសំខាន់ក្នុងការធានានូវអភិបាលកិច្ច ដែលកំណត់នៅក្នុងវដ្ដ នៃការរៀបចំគោលនយោបាយ របស់រាជរដ្ឋាភិបាល (Policy Cycle) ដែលយន្តការនេះ នឹងផ្តល់ជូនថ្នាក់ដឹកនាំគ្រប់កម្រិត ឱ្យទទួលបាននូវព័ត៌មានមួយ ដែលមានភាពច្បាស់លាស់ និងជឿទុកចិត្តបាន ដើម្បីគាំទ្រដល់ការរៀបចំផែនការ សកម្មភាពអាទិភាព និងការរៀបចំថវិកាជាដើម។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈរបាយការណ៍សង្ខេប បានបង្ហាញឱ្យឃើញថា ក្របខ័ណ្ឌ M&E- MPWT ដែលបាន និងកំពុងផ្សព្វផ្សាយ នាពេលនេះ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ផ្ទៃក្នុង ជាមួយគ្រប់អង្គភាព និងតួអង្គពាក់ព័ន្ធជាច្រើនលើកច្រើនសា ទាំងក្នុងកម្រិតបច្ចេកទេស និងក្នុងកម្រិតថ្នាក់ដឹកនាំ ដែលអាចចាត់ទុកជាការបោះជំហានលើមាគ៌ាដ៏ត្រឹមត្រូវថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តកម្រិតខ្ពស់ ដើម្បីរៀបចំក្របខ័ណ្ឌ M&E-MPWT នេះឡើង៕


