ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា រវាងកម្ពុជានិងថៃ នោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីនិងផ្លូវតុលាការ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា រវាងកម្ពុជានិងថៃ នោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីនិងផ្លូវតុលាការ។

ក្នុងនោះសម្ដេចតេជោ បានលើកឡើងនូវសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន​ សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើង ដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើល អំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើញមិនគោរពច្បាប់ បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយ អំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។

សម្ដេចបន្តថា កម្ពុជាអំពាវនាវ ដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេស ផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

សម្ដេចលើកឡើងថា ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

សម្ដេចបន្ថែមថា ការដោះស្រាយតាមផ្លូវតុលាការ មិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់បញ្ជៀស ការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួល ក្នុងការបកស្រាយជាមួយ ប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។

សម្ដេចបន្តថា ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី, សឹង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសឹង្ហបុរី នៅតែល្អ និងគ្មានជម្លោះតកូនតចៅ។

សម្ដេចបញ្ជាក់ថា «ការគេចវេសណាមួយ មិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលគោរពច្បាប់»៕

To Top