ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ ស្លឹក និងពិបាកដកដង្ហើម។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា «អ្នកជំងឺមិនបានប៉ះពាល់ ជាមួយមាន់ទាឈឺឬស្លាប់ នៅផ្ទះអ្នកជិតខាងជាប់ផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារចំនួន១០ក្បាល ប៉ុន្តែមិនមានមាន់ទាឈឺឬស្លាប់ ហើយក៏មិនមានមាន់ទាឈឺឬ ស្លាប់នៅក្នុងភូមិដែលអ្នកជំងឺរស់នៅដែរ»។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅ អ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា « សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»៕
