ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន យល់ច្បាស់ថា ជម្លោះព្រំដែន កម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ នៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅ ICJ ហើយពួកជ្រុលនិយម និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលករខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ច្បាស់ថា ជម្លោះព្រំដែន កម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរពិសេស នៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលករខ្មែរ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មុននេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរ នៅក្នុងប្រទេសថៃ ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូន ដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បី រកការងារធ្វើ ឬបង្កើតមុខរបរថ្មី។

សម្ដេចតេជោ បន្ដថា «បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយដែលមានអាយុ ៨០ឆ្នាំ តែគាត់ពុំមានឯកសារ ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវឹលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។

សម្ដេចតេជោ បន្ថែមថា «ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំយល់ច្បាស់ថា ជម្លោះព្រំដែន កម្ពុជា .ថៃ នឹងអូស បន្លាយពេលយូរពិសេស នៅពេលកម្ពុជាដាក់ពាក្យប្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាន និងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច»។

សម្ដេចតេជោ សូមជូនភ្ជាប់នូវសាររបស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូន បានជ្រាប។ នេះជាសារ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ៖

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញ ក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវ ឲ្យសមាគមធនាគារ នៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាព ក្នុងការជួយសម្រាល បន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូន ប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយ ដែលអាចធ្វើទៅបាន ។

ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង៕

To Top