កំពង់ធំ៖ ដេីម្បីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសំណូមពរពីអតីតយុទ្ធជន និងក្រុមគ្រួសារដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាតចំនួន ២៤៥នាក់ តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។

ក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា (១/ ពួកជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ ២/ និងក្រុមព័ន្ធកិច្ចព្រះពរ) រួមសហការជាមួយក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យ ព្រមទាំងវ៉ែនតា ជូនអតីតយុទ្ធជន និងក្រុមគ្រួសារដោយឥតគិតថ្លៃ ដែលពិធីនេះប្រព្រឹត្តទៅនៅលេីទីតាំងដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

លោក សឿន សុីហុក តំណាងក្រុមជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ និងលោកវេជ្ជបណ្ឌិត នង ណុប តំណាងក្រុមព័ន្ធកិច្ចព្រះពរ នៃគ្រឹស្ទបរិស័ទកម្ពុជា បានមានប្រសាសន៍ថា៖ ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យរបស់គ្រឹស្ទបរិស័ទកម្ពុជា កន្លងទៅបានជួយពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្ដល់ថ្នាំពេទ្យ និងវ៉ែនតា ជូនកងទ័ព ប្រជាពលរដ្ឋ និងអតីតយុទ្ធជន បានជាច្រើនកន្លែងមកហើយ ជាក់ស្ដែងក្នុងរយៈពេលជាង ៣ ខែកន្លងមកបានទៅជួយពិនិត្យ ព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យ ព្រមទាំងវ៉ែនតា ជូនដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំផងដែរ ដើម្បីសម្រាលដល់ការលំបាករបស់ពួកគាត់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឲ្យអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានអញ្ជើញមកព្យាបាលជំងឺទាំងចំនួន ២២៥នាក់ នៅក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ឆ្នាំ២០០៧ -២១ មិថុនាឆ្នាំ ២០២៥) នាពេលនេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃគ្រឹស្ទបរិស័ទកម្ពុជា ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ តាមសំណូមពររបស់អតីតយុទ្ធជន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ ដើម្បីជួយដោះស្រាយសម្រាលដល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន ក្នុងពេលមានជំងឺ ព្រមទាំងមានជីវភាពលំបាកខ្វះខាត ហើយមួយផ្នែកទៀតបងប្អូនអតីតយុទ្ធជនយើងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយផ្លូវឆ្ងាយក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត។

អតីតយុទ្ធជន និងក្រុមគ្រួសារទាំង ២៤៥នាក់ បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃគ្រឹស្ទបរិស័ទកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារៈ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺជូនពួកគាត់នៅពេលនេះ និងសូមជូនពរសូមព្រះប្រទានពរឲ្យទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
ដោយ សំនៀង

