ភ្នំពេញ៖ ថ្ងៃ១៥ មិថុនា ឆ្នាំ២០២៥ ចំថ្ងៃខួប៦៣ឆ្នាំ ដែលតុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យកម្ពុជា ឈ្នះរឿងក្តីប្រាសាទព្រះវិហារ សម្ដេចធិបតីធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារទឹកដី ពីមហិច្ចតាឈ្លានពាន ឥតអៀនខ្មាស់របស់ថៃ លើប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។

ការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នេះ ត្រូវបានទទួលការគាំទ្រយ៉ាងភ្នូកទឹកភ្នូកដី ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពលរដ្ឋ អ្នកនយោបាយគ្រប់និន្នាការ និងមហាជនក្នុងនិងក្រៅប្រទេស ដើម្បីការពារនូវ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការនាំយកសំណុំរឿងព្រំដែន កម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងនោះក្រៅពីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី សម្ដេចក៏នឹងយកបញ្ហាមួយចំនួន ប្ដឹងទៅICJ បន្ថែមទៀត (ប្រសិនបើមានការចាំបាច់)។
បើតាមសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំង ពីមុនកិច្ចព្រមព្រៀងប៉ារីស ទៅទៀតមានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាព នៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែល កើតឡើងបន្តទៀត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែន ជាមួយកម្ពុជាលើ៤ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។
សម្ដេចថា កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នា រវាងកម្ពុជានិងថៃ នោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីនិងផ្លូវតុលាការ។

សូមរំលឹកថា ព្រឹត្តិការណ៍ដែលនាំឱ្យឈានដល់ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាពេលនេះ បន្ទាប់ពីក្រុមទាហានថៃបានឆ្មក់វាយប្រហារ មកលើកងកម្លាំងការពារព្រំដែនកម្ពុជា បណ្ដាលឱ្យព្រិន្ទបាលឯក សួន រ៉ោន ត្រូវបានពលី ដោយសារការ ចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា ពីសំណាក់ភាគីថៃមួយចំនួន កាលពីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ៕
