ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ប្រារព្ធទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៨ ឆ្នាំ ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេស ក្នុងក្រុងកំពង់ចាម ក្រោមប្រធានបទ « ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន » ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប អាចធ្វើការសិក្សាពេញមួយជីវិត ទៅជាការពិត រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួនមួយលានប្រាំសែននាក់ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ម៉ឺនរៀលទៀតផងដែរ។ ក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះនិងជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ពិសេសជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស និងធានាបានធនធានមនុស្ស ដែលមានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់ ធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាង
តិចប្រចាំជីវិត»។

To Top