ស្វាយរៀង៖ លោកសេង សិលា អភិបាលរងខេត្តស្វាយរៀងបានថ្លែងជំរុញដល់វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀងខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ជាពិសេស សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M ក្រុមគោលដៅមកពីគ្រួសារមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។

ការថ្លែងជំរុញបែបនេះរបស់លោកសេង សិលា អភិបាលរងខេត្តស្វាយរៀង នៅក្នុងឱកាសតំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញចូលរួមកម្មវិធី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ក្រោមប្រធាបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” នេះឡើងប្រកបដោយជោគជ័យ និងមានការទទួលខុសត្រូវ ដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសានស្វាយរៀងនាព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥ ដោយមានអ្នកចូលរួម ប្រមាណជិត៩០០នាក់ផងដែរ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ មានរោងចក្រសហគ្រាសតូចធំសរុបចំនួន១,០២៥ កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ១៣១,៤៥៣នាក់ ស្រី៧៦,៨៤១នាក់ ហើយបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ក៏ត្រូវការកម្មករប្រមាណ២៦,០៤៤នាក់បន្ថែមទៀត ដូច្នេះអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង អាចវិលត្រឡប់មកធ្វើការងារតាមបណ្ដារោងចក្រនានាក្នុងខេត្តបាន។


លោកបានបន្ថែមថា ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តយើងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

បន្ថែមលើសពីនេះ លោកសេង សិលា បានផ្តាំផ្ញើដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង។ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។

បើតាមលោកមុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានថ្លែងថា ក្រោយការប្រកាសដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនរៀង បានធ្វើការប្រកាសជ្រើសរើសតាមគ្រប់រូបភាព និងចុះជ្រើសរើសតាមបណ្តាឃុំសង្កាត់ ចុះតាមខ្នងផ្ទះ ព្រមទាំងមានការប្រជុំរួមនៅតាមបណ្តាក្រុងស្រុកផងដែរ។

លោកនាយកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល វិទ្យាស្ថានបានកំណត់យកវិស័យចំនួន៥ លើមុខជំនាញចំនួន៧គឺ ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ជំនាញសេវាកម្មថែទាំ និងជួសជុលរថយន្ត និងជំនាញជួសជុល និងថែទាំបរិក្ខារអេឡិចត្រូនិក ជំនាញសម្អាងការយ ជំនាញសេវាកម្មកុំព្យូទ័រ ជំនាញថែទាំ និងដំឡើងកាម៉េរ៉ាសុវត្តិភាព។ ចាប់តាំងពីផ្តើមដំណើរការជ្រើសរើសសិស្សចូលរៀនមក រហូតដល់ពេលនេះមានសិស្សដាក់ពាក្យចូលរៀនសរុបចំនួន២០៣១នាក់ ក្រុមគោលដៅមានចំនួន៧១៣នាក់។ វិទ្យាស្ថាននឹងបន្តជ្រើសរើសសិស្សតាមជំហានៗ និងខិតខំអនុវត្តឱ្យអស់ពីសមត្ថភាព លទ្ធភាព ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”៕
