ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនិងគ្រប់ខេត្តទូទាំងប្រទេស ព្រមទាំងមានការតាំងពិព័រណ៍បង្ហាញស្នាដៃ មុខជំនាញ និងចង្វាក់ផលិតកម្មថ្មីៗអំពីបច្ចេកវិទ្យានាពេលបច្ចុប្បន្នរបស់សិស្ស និស្សិតអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជាស្នាដៃកូនខ្មែរ ជាប្រយោជន៍ដល់ការស្រាវជ្រាវ និងបម្រើដល់វិស័យនានានៅក្នុងសង្គម។


លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ អ្នកចូលរួមនឹងទទួលបានព័ត៌មានអាហារូបករណ៍សិក្សាបច្ចេកទេសជំនាញទាំងក្នុង និងក្រៅប្រទេស ជាពិសេសព័ត៌មានសិក្សាអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១,៥លាននាក់ អាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាចដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗទៀតផង។ មិនតែប៉ុណ្ណោះ ទិវាជាតិនេះក៏មានការបង្ហាញស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារណជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិនផងដែរ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការពេញចិត្តនិងសាទរជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការជ្រើសរើសប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» សម្រាប់ខួប TVET លើកទី៨នេះ។ ប្រធានបទឆ្នាំនេះមិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវទិដ្ឋភាព និងស្ថានភាពជាក់ស្តែង និងបានចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នា ដើម្បីស្វែងរកចំណូល និងចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។


លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ជាងនេះទៅទៀត ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ទៅជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្សដែលគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបជូនថា សាធារណជនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង២០:០០នាទី៕


