ព័ត៌មានជាតិ

កម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគី

ភ្នំពេញ៖ ភាគីកម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC) ចេញផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា ខណៈភាគីថៃ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។

បើយោងតាមសេចក្តីប្រកាសព័ត៍មាននៃកិច្ចប្រជុំនេះ ភាគីកម្ពុជាលោក ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។

លោក ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។

ក្នុងន័យនេះ ភាគីកម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះបានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

To Top