ភ្នំពេញ៖ ក្រុមនិស្សិតមកពីបណ្ដាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ (TVET) សុទ្ធតែបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងនៅពេលបាននាំយកស្នាដៃរបស់ខ្លួន រួមទាំងស្នាដៃរបស់សាលាពួកគេ មកបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។

កញ្ញា មួន ចន្ទសុបញ្ញា ជានិស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បាននាំយករ៉ូបូតឆុងកាហ្វេចំនួនពីរគ្រឿង ដែលសុទ្ធតែជាស្នាដៃរបស់កញ្ញា និងនិស្សិតដទៃទៀតនៃវិទ្យាស្ថាន NTTI មកដាក់បង្ហាញក្នុងឱកាស TVET Day លើកទី៨ និងបានដាក់ឱ្យដំណើរការឆុងកាហ្វេជូនអ្នកចូលរួមក្នុងកម្មវិធី ដោយទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់។

ជាអតីតនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) មួយរូប លោក ជរ ច័ន្ទសោភ័ណ្ឌ ក៏បានដឹកនាំនិស្សិតជំនាន់ក្រោយនាំយកសុនកយន្តពីរគ្រឿងមកបង្ហាញក្នុងឱកាស TVET Day លើកទី៨នេះដែរ ក្នុងនោះមានសុនកយន្តដឹកជញ្ជូនចល័តមួយគ្រឿង និងសុនកយន្តចេះរាំមួយគ្រឿង ដែលសុទ្ធតែជាស្នាដៃរបស់លោក រួមជាមួយនិស្សិតនៃវិទ្យាស្ថាន NTTI។ សុនកយន្តទាំងពីរគ្រឿងនេះ ក៏បានទាក់ទាញអ្នកចូលរួមទស្សនាមិនតិចនោះឡើយ។

ជាមួយគ្នានេះ លោក ប្រុស វិសាល ជានិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននាំយកម៉ាស៊ីនបោះពុម្ពថង់ប្លាស្ទិក និងក្រដាសពាក់កណ្ដាលស្វ័យប្រវត្តិ មកបង្ហាញក្នុងឱកាស TVET Day លើកទី៨នេះ។

បន្ថែមពីនេះ លោក សុភា រតនៈ ជានិស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យមេកានិកទូទៅ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ផងដែរនោះ ក៏បាននាំយកដ្រូន VTOL ដែលអាចហោះឡើងនិងចុះចតដោយបញ្ឈរ រួមជាមួយស្នាដៃដទៃច្រើនទៀតរបស់និស្សិតនៃវិទ្យាស្ថានជាតិ NPIC ក្នុងនោះមានទាំងសុនកយន្ត ដៃរ៉ូបូតដែលប្រើប្រាស់ក្នុងឧស្សាហកម្ម (Robot Arm) និងជណ្ដើរយោងជាដើម ដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញការចូលទស្សនានិងស្ដាប់បទបង្ហាញយ៉ាងច្រើន។

ងាកទៅមើលស្នាដៃរបស់និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) វិញ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនណាស់ដែរ ពិសេសគឺរថយន្តបូមធូលីចល័តមួយគ្រឿង ដែលបើកទៅបើកមកបង្ហាញជូនអ្នកចូលរួមក្នុងឱកាស TVET Day នេះ គួរឱ្យចង់ទស្សនានិងស្វែងយល់។ លោក ជ័យ តុលា ជានិស្សិតឆ្នាំទី១ នៃមហាវិទ្យាល័យវិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា រថយន្តបូមធូលីចល័តនេះដំណើរការដោយពន្លឺព្រះអាទិត្យ (សូឡា) ដែលអាចជិះបណ្ដើរបូមធូលីបណ្ដើរ ហើយជាស្នាដៃរបស់សិស្សច្បងដែលបានផលិតឡើង និងទុកឱ្យសិស្សប្អូនៗបានសិក្សាពីបច្ចេកទេសបន្តនៅវិទ្យាស្ថាន ITI។

គួរជម្រាបផងដែរថា ក្រុមនិស្សិតនៃបណ្ដាវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈខាងលើ សុទ្ធតែបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងនៅពេលបាននាំយកស្នាដៃរបស់ខ្លួន មកបង្ហាញក្នុងឱកាស TVET Day លើកទី៨ និងបានអំពាវនាវដល់យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ សូមមកទស្សនានូវស្នាដៃរបស់សាលាខ្លួន ព្រមទាំងស្ដាប់នូវបទបង្ហាញរបស់និស្សិតជាម្ចាស់ស្នាដៃ ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីការសិក្សាជំនាញបច្ចេកទេស TVET និងសារៈសំខាន់នៃការសិក្សាជំនាញបច្ចេកទេស TVET ជាដើម៕



