ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីអមដំណើរនារាត្រីថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យ និងដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង ( Walk Street ) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើង គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការ ជាបណ្តោះអាសន្នអស់ជិង៥ខែ។

ដោយឡែកនៅក្នុងសប្តាហ៍នេះ មានការសម្តែងរបាំប្រពៃណី ក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ នៅផ្លូវថ្មើរជើង( Walk Street ) ពោលនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី១៤ និងទី១៥មិថុនានេះ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្ត បន្ថែមពីលើអ្វី ដែលមានស្រាប់ជារៀងរាល់សប្តាហ៍កន្លងមក។

មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា នាសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកនូវផ្ទាំងសិល្បៈទស្សនីយភាព ចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនានា ផ្លូវថ្មើរជើង ( Walk Street ) ក្នុងនោះទី១ ទស្សនីយភាពសិល្បៈ របាំប្រពៃណី ( ក្ងោកពោធិសាត់ )ទី២ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់ ( រឿងម៉ាភូយ៉ុងកែវ )។

ពាក់ព័ន្ធនិងពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការប្រជុំជាច្រើនលើក ច្រើនសាររួចមកហើយ ដើម្បីធានាថាបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ក៏ត្រូវតែធ្វើឱ្យបានរួចរាល់ នៅមុននៃការបើកសម្ពោធផងដែរ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street)នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏និងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី(Galaxy) និងការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំង គឺស្តង់ម្ហូបអាហារម៉ាឡេស៊ី និងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ ៕









