ព្រះវិហារ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ ចំពោះវីរភាព របស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន នៅតាមបណ្តោយព្រំដែន។ ក្នុងនោះ លោករដ្ឋមន្រ្តីក៏បាន អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តផ្តល់ការឧបត្ថម្ភគាំទ្រ ដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងកម្ពុជា ក្នុងការបំពេញ ភារកិច្ចការពារបូរណភាពទឹកដី និងដើម្បីបង្ហាញ នូវស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាតិ ដែលជាខឿនការពារជាតិ ដ៏រឹងមាំជាមួយប្រជាជននៅទូទាំងប្រទេស សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

ការសម្ដែងការដឹងគុណនេះធ្វើឡើង ក្នុងឱកាសលោក រដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តព្រះវិហារជាខេត្តទី២២ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកឲថ្ងៃទី១៦ ខែមិថានា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តព្រះវិហារសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាព ប្រសើរឡើង និងការកែលម្អលក្ខខណ្ឌ នៃការរស់នៅ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យដែល បានធ្វើឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្តូរ ទម្លាប់មកទទួលទានទឹកស្អាត ដើម្បីជួយទ្រទ្រង់សុខភាព និងប្រើប្រាស់បង្គន់អនាម័យ បានត្រឹមត្រូវ មានរបៀបរស់ នៅប្រកបដោយភាពស៊ីវិល័យ។

លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងសេចក្តីនឹករលឹក ព្រមទាំងពរ សព្ទសាធុការ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល។

ជាមួយគ្នានោះ លោករដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួង អភិវឌ្ឍន៍ជនបទគឺ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិង កំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបាន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសប្រមាណ ៩១,៩៨% ក្នុងនោះអត្រាគ្រប ដណ្តប់ទឹកស្អាត កម្រិតមូលដ្ឋាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩៤,៧៦% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថាន ប្រកបដោយនិរន្ដរភាព។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ច្បាស់ថា សមិទ្ធផល ដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺ ដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែង ឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករ នយោបាយឈ្នះឈ្នះ និងជាអតីតនាយករដ្ឋមន្រ្តី និងតាមរយៈការ ដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេន ដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល” ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
