ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសទាក់ទៅទងនឹងស្ថានភាពកម្ពុជា-ថៃនៅព្រឹកថ្ងៃ១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ដាច់ណាត់ថា ត្រូវតែទទួលយកពលរដ្ឋខ្មែរមកវិញ មិនត្រូវទុកឲ្យភាគីថៃ ប្រមាថមាក់ងាយឡើយ ព្រោះបច្ចុប្បន្ននៅថៃ កំពុងឡើងកម្តៅ។
សម្តេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្នការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសថៃកំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករគួរវិល ត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឲ្យគេប្រមាថ ខណៈបច្ចុប្បន្ននៅកម្ពុជា មានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ។
សម្ដេចតេជោ ហ៊ុន សែនបានផ្តាំផ្ញើពលរដ្ឋខ្មែរនៅថា គួរតែចេញមកកម្ពុជា ឲ្យបានមុនអាជ្ញាធរថៃបណ្តេញចេញ ហើយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកទាំងអស់ ចំពោះពលករនិងពលរដ្ឋខ្មែរ ទោះបីជាគ្មានឯកសារពាក់ព័ន្ធ សម្គាល់ខ្លួនអ្វីក៏ដោយ ។
សម្តេចប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា “យើងត្រូវតែទទួលយកពលរដ្ឋយើងមកវិញ កុំទុកឲ្យគេប្រមាថ កុំទុកឲ្យគេធ្វើបាប ព្រោះទង្វើនូវការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសថៃ ទៅលើពលរដ្ឋ ពលករកម្ពុជាកំពុងបានឡើងកម្តៅ”។
ពាក់ព័ន្ធទៅនឹងក្តីកង្វល់ របស់ពលករឬពលរដ្ឋខ្មែរវិញ ដែលពួកគាត់ជាប់ បំណុលជាមួយធនាគារ នោះសម្តេចតេជោ គូសបញ្ជាក់ថា ករណីនេះទាំងសម្តេចផ្ទាល់ និងសម្តេចធិបតី បានអំពាវនាវបន្ថែមទៀត ឲ្យសមាគមធនាគារ និងហិរញ្ញវត្ថុ គិតគូរក្នុងការពន្យារពេលបង់ការប្រាក់មួយរយៈពេលសិន ដើម្បីជួយសម្រួលដល់ការ លំបាកសរបស់ពួកគាត់ ៕
