ព័ត៌មានជាតិ

អភិបាលរង កើត ឆែ៖ ស្មៀនដើរតួនាទីចម្បង២ ជាអ្នកសម្របសម្រួលការងាររដ្ឋបាលផ្ទៃក្នុងសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយពលរដ្ឋផង

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុងនៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួលប្រាស្រ័យទាក់ទង​ ជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង ខណៈការបង្កើតនូវយន្តការច្រក ចេញចូលតែមួយ នៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ។

ការថ្លែងរបស់ លោក កើត ឆែ បានធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំឆ្នាំ២០២៥នេះ ខណៈលោកបានអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលរង កើត ឆែ បានណែនាំឱ្យស្មៀនសង្កាត់ទាំង១០៥ ចូលរួមថែរក្សាសមិទ្ធផល ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាព នៅកម្ពុជា ខណៈដែលសន្តិភាព បានធ្វើឱ្យមនុស្សគ្រប់រូប មានឱកាសធ្វើអ្វីៗគ្រប់យ៉ាង រហូតមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានថ្លែងនូវការអរគុណ ចំណោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្តុះបណ្តាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង។ ការបង្កើតនូវយន្តការច្រក ចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ ស្មៀនក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល, ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន «ការ អភិវឌ្ឍផ្នត់គំនិត, Mindset » និង «ភាពជាថ្នាក់ដឹកនាំ, Leadership»ផងដែរ។

លោក កើត ឆែ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងផ្តោតលើទិដ្ឋភាព សំខាន់០២ នោះគឺ ទី១ តួនាទី ភារកិច្ច របៀបរបបការងាររបស់ស្មៀន និងកិច្ចការរដ្ឋបាលឃុំ សង្កាត់ និង២ ការរំលឹកឡើងវិញនូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់៕

To Top