ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្នកមិនហ៊ានទៅតុលាការ ICJ ជាមួយកម្ពុជា គឺមានតែធ្វើខុសច្បាប់

ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍អះអាងថា អ្នកណាដែលគេចវេះពី តុលាការគឺមានពិរុទ្ធភាព ដែលបានប្រព្រឹត្តអំពើខុសច្បាប់។

កាលពីថ្ងៃទី១៥ មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។ ការយកសំណុំរឿងព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការ ICJ នេះ ស្របផងដែរ កាលពី៦៣ឆ្នាំមុន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឲ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ។

ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិក្នុង សម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹក ពីបញ្ហាជាក់ស្តែងរបស់បណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ានដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី , សិង្ហបុរី និងម៉ាឡេស៊ីដែលមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា ក៏បានសម្របសម្រួលគ្នានាំគ្នាដាក់ឯកសារពាក់ព័ន្ធ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិផងដែរ ។ សម្តេចតេជោបន្តថា ការនាំគ្នាទៅតុលាការអន្តរជាតិនេះ គឺជាវិធីសាស្រ្តដោះស្រាយ ដែលធ្វើឲ្យរាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ ជៀសផុតពីគំនាបមហាជន ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវ ទៅបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលមិនចង់ជួបបញ្ហាសង្គ្រាម ដោយឲ្យមានដំណោះស្រាយ ដោយសន្តិវិធីនោះ គាំទ្រកម្ពុជាចំពោះការដាក់ពាក្យបណ្តឹងជុំវិញវិវាទព្រំដែន កម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះ៤តំបន់គឺប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច , ប្រាសាទតាក្របី និង តំបន់មុំបី ក្នុងចំណោមព្រំប្រទល់កម្ពុជា-ថៃ ដែលមានផ្ទៃដីប្រមាណជា៨០០គីឡូក្រឡា ។

សម្តេចតេជោ ហ៊ុន សែន បានសម្លឹងឃើញថា មានតែយន្តការផ្លូវច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទើបជាដំណោះស្រាយល្អ ។

សម្តេចតេជោប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា “យើង(ថៃ)កុំខ្លាច ប្រសិនបើយើងមានភាព សុច្ចរឹតគ្រប់គ្រាន់ យើងហ៊ានឡើងតុលាការ ។ អ្នកដែលមិនហ៊ានឡើងតុលាការទេ គឺជាអ្នកដែលខ្លាច ហើយមានអាថ៌កំបាំង នយោបាយ មានអាថ៌កំបាំងអ្វីនៅពីក្រោយ”៕

To Top