កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ។ ការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ដែលមកដល់ពេលនេះ កងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះ ការពារទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទីមួយ ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ នឹងមានកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ។ ទីពីរ ត្រូវត្រៀមបម្រុងកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ដោយពេលនេះទឹកស្ទឹងសែនបានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយ ។ និងទីបី ចូលរួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសកម្មភាពនានាជួយដល់សង្គមជាតិ បម្រើប្រជាជន និងបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយសំនៀង
