ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជា បានធ្វើឱ្យមានលំនឹង សន្តិសុខស្បៀង និងការពង្រីកសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគ។

ការលេីកឡេីងរបស់លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៦ មិថុនា។ ក្នុងពិធីនេះ មានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។
មានប្រសាសន៍លើកឡើងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីសវតា នៃការបង្កើតឡើង នៃសហព័ន្ធស្រូវអង្ករកម្ពុជា កាលពី១០ឆ្នាំមុន ដោយមើលឃើញបញ្ហាប្រឈម ចំពោះមុខដែលវិស័យឯកជន នៅមានភាពទន់ខ្សោយនៅឡើយ និងខ្វះស្ថាប័នដែលមានភាពជាតំណាង ហើយរឹងមាំទៀតសោត ក្នុងនាមឯកឧត្តមផ្ទាល់ បានសម្រេចចិត្តស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ វិស័យឯកជនមួយនេះ និងបានបង្កើតសហព័ន្ធ ស្រូវអង្ករកម្ពុជា នេះឡើង។ ជាលទ្ធផលឃើញថា ការធ្វើកំណែទម្រង់នេះ បានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មានប្រសិទ្ធភាព និងវឌ្ឍនភាពល្អ គួរឱ្យកោតសរសើរលើគ្រប់ខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជា សសរស្តម្ភមួយយ៉ាង សំខាន់ក្នុងការទ្រទ្រង់ វិស័យសន្តិសុខស្បៀង និង សេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជា បានធ្វើឱ្យមានលំនឹង សន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោននៅឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក។ វិស័យនេះបានទាញយកការវិនិយោគពីវិនិយោគិន ក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះ មានការវិនិយោគយ៉ាងគំហុក ពីរោងម៉ាស៊ីនកិនស្រូវមានចំនួនមិនដល់ ១០ទីតាំង បានកើនឡើងរហូតដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុត ចុងក្រោយរបស់ពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា សមិទ្ធផលដ៏ល្អរបស់សហព័ន្ធ ស្រូវអង្ករកម្ពុជាក្នុងរយៈពេល ១០ឆ្នាំនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្រោមគោលនយោបាយដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការ ចូលរួមសហការយ៉ាងជិត ស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធជំរុញ ឱ្យកម្ពុជាក្លាយ ទៅជាប្រទេស ដែលដើរតួនាទីយ៉ាង សំខាន់លើឆាកអន្តរជាតិ ក្នុងការនាំចេញអង្ករ ដែលថ្នាក់ដឹកនាំយើងបានប្រសិទ្ធនាមថា “អង្ករ-មាសស”។
ស្របនឹងប្រធានបទនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ជម្រាប ជូនអំពីអត្ថប្រយោជន៍យ៉ាង វិសេសវិសាល របស់គម្រោង ព្រែកជីកហ្វូណនតេជោ ដែលក្រោយពីការសាងសង់រួច នឹងជាចំណែកមួយ នៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា ដែលនឹងជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅទីផ្សារអន្តរជាតិ បានកាន់តែឆាប់រហ័ស ជំរុញពន្លឿនខ្សែ ច្រវាក់ផ្គត់ផ្គង់ ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករជាដើម៕
