ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា ការផ្តល់ឈាម គឺផ្ទុយពីការមានជំងឺ ហើយផ្តល់ឈាមក៏នាំឲ្យអារម្មណ៍ប្រកបដោយគុណធម៌ ថាមពល ភាពក្លាហាន ក្តីស្រឡាញ់ និងក្តីករុណា ។ ដូច្នេះផ្តល់ឈាមថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ។
នេះជាប្រសាសន៍របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងពិធីអបអរសាទរ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” នាថ្ងៃ១៤ មិថុនា ។

ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៥៨ ឆ្នាំ២០០៥ ដែលមានការបោះឆ្នោត គាំទ្រជាឯកច្ឆន្ទ បង្កើតទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌល បានបង្ហាញថាមានការកើនឡើង នូវអំណោយឈាម និងការផ្គត់ផ្គង់ឈាម បានឆ្លុះបញ្ចាំងឲ្យឃើញថា សេវាព្យាបាលតាមជំនាញឯកទេស និងសេវាសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ជាការរួមចំណែកក្នុងការ ពង្រឹងសេវាសុខាភិបាល ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏អំពាវនាវ និងស្វាគមន៍ដល់ពលរដ្ឋមកបរិច្ចាគឈាម ដោយការស្ម័គ្រចិត្ត ដើម្បីឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស ខណៈការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យ។ ការបរិច្ចាគឈាម គឺផ្ទុយពីការមានជំងឺ និងបង្ហាញពីគុណធម៌ ភាពកក់ក្តៅ ក្តីករុណាពិតប្រាកដ។ ផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។

សាស្រ្តាចារ្យរដ្ឋមន្រ្តីគូសរំលេចថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយ ក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស ។ ដូច្នេះចូលរួមបរិច្ចាគឈាមទាំងអស់គ្នាឲ្យបានទៀងទាត់ ដើម្បីអាចជួយជីវិតមនុស្ស ជាទីស្រឡាញ់ទាន់ពេលវេលា។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី គោរពថ្លែងអំណរ គុណចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈសម្តេច ជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលនោះ បានអំពាវនាវ លើកទឹកចិត្តជាបន្តបន្ទាប់ ឲ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត។ រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រដល់យុទ្ធនាការ លើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈកាកបាទក្រហមកម្ពុជាគ្រប់ខេត្ត ក្រុង ។ រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចជាសប្បុរសជនបរិច្ចាគឈាមទៀត ទាត់ជាគំរូសម្រាប់ យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅប្រទេស៕










