ព័ត៌មានជាតិ

មានពលរដ្ឋ និងកូនចៅជនជាតិ ដើមភាគតិច ជាច្រើននាក់ ក្លាយជាថ្នាក់ដឹកនាំ និងជាមន្រ្តីនគរបាលជាតិ នៅខេត្តរតនគិរី

ភ្នំពេញ ៖ មិនចម្លែកពេកនោះឡើយ ដែលខេត្តរតនគិរី ភាគឦសានប្រទេស មានពលរដ្ឋខ្មែរជាជនជាតិ ដើមភាគតិចកំពុង បំពេញការងារ ទាំងរាជការស៊ីវិល និងកងកម្លាំង រួមទាំងកម្លាំងនគរបាលជាតិ ។ ក្នុងជួរនគរបាលជាតិ អាចមានសាធារណជន ខ្លះចង់ដឹងថាពីស្ថានភាពទូទៅ នៃការបំពេញការងារ របស់ពលរដ្ឋខ្មែរជាជនជាតិ ដើមភាគតិចទាំងនោះ ដូចជាចំនួន មុខតំណែង និងលក្ខណៈពិសេសមួយ ចំនួនទៀតជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ក្រោមមាគ៌ានយោបាយដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នខេត្តរតនគីរីមានមន្ត្រីនគរបាលជាតិ ជាជនជាតិដើមភាគតិចសរុបចំនួន៣០៥នាក់ ស្រីចំនួន២១នាក់ ដោយមន្ត្រីទាំងអស់នោះ បាននិងកំពុងបម្រើការងារ ទាំងនៅស្នងការ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមមូលដ្ឋាន។

លោកស្នងការ បន្តថា មន្ត្រីនគរបាល ជាជនជាតិដើមភាគតិច ដែលកំពុងបម្រើការនៅក្នុងខេត្តរតនគីរី មានដូចជា ជនជាតិទំពួង គ្រឹង កាចក់ ចារាយ ព្រៅ កាវ៉ែត និងជនជាតិក្រាល ជាដើម។ លោកបានបន្តទៀតថា “ក្នុងចំណោមនោះ ពួកគាត់បានកាន់តំណែងជាអ្នកដឹកនាំ ចំនួន២៨នាក់ រាប់ចាប់តាំងពីនាយប៉ុស្តិ៍រហូតដល់នាយការិយាល័យ ក្នុងនោះមាននាយប៉ុស្តិ៍ចំនួន២៣នាក់”។

រតនគិរី ជាខេត្តមួយស្ថិតក្នុងភូមិភាគឦសាន សម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រលងដងអូរ ព្រមទាំងមានបងប្អូនជនជាតិ ដើមភាគតិចជាច្រើនជនជាតិរស់នៅ។ បើតាមលោកស្នងការ មន្រ្តីនគរបាលជាជនជាតិ ដើមដែលបានកំពុងបំពេញ ការងារតាមប៉ុស្តិ៍នគរបាល បទពិសោធបានបង្ហាញច្បាស់ថា ពួកគាត់មានភាពស៊ាំនឹងបរិបទវប្បធម៌ និងភាសាក្នុងតំបន់ និងស្រួលទំនាក់ទំនងជាមួយ សហគមន៍ជនជាតិ ដើមភាគតិចដូចគ្នាជាដើម។

នៅពេលដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ដល់អាទិភាពប្រឡង ជ្រើសរើសកូនចៅ អ្នកស្រុកឱ្យបម្រើការងារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអង្គភាពផ្សេងៗ ក្នុងមូលដ្ឋាននោះផ្ទាល់ សម្រាប់ខេត្តរតនគិរី លោកស្នងការឱ្យដឹងថា ការងារនេះ អនុវត្តបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីមហាជន ពិសេសពលរដ្ឋ តាមមូលដ្ឋានផ្ទាល់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ លទ្ធផលនៃប្រឡងជ្រើស រើសយកកូនចៅអ្នកស្រុកសម្រាប់ខេត្តរតនគីរី កាលពីពេលកន្លងទៅនេះ គឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៦នាក់ អធិការដ្ឋាន១៥នាក់ ការិយាល័យជំនាញ ២០នាក់ និងវរនគរបាលការពារព្រំដែន៨១នាក់៕

To Top