ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូ មិនមែនត្រឹមតែជាការគាំទ្រប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន ជោគវាសនារួមគ្នា

ភ្នំពេញ ៖ ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ភាពជាដៃគូ មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា។

ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការ បោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវ សម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែង រវាងកម្ពុជានិងចិន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា គម្រោង «កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» គឺជាដំណើរដ៏អស្ចារ្យ ក្រោមមិត្តភាពកម្ពុជា-ចិន ជាមិត្តភាពបានចូលរួមប្រែក្លាយកម្ពុជា ចេញពីផេះ នៃសង្គ្រាម ឆ្ពោះទៅរកពន្លឺនៃក្តីសង្ឃឹម និងវិបុលភាព ឈានដល់ការកសាង ជោគវាសនារួមគ្នា ។ គម្រោងនេះ នឹងត្រូវអនុវត្ត ក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ប្រែក្លាយដីរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទៅជាដីមានសុវត្ថិភាព ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ និងផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបច្ចេកទេស រវាងប្រទេសនានារងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរបស់កម្ពុជា ដើម្បីប្រែក្លាយដីរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទៅជាដីមានសុវត្ថិភាព សម្រាប់ការអភិវឌ្ឍ និងបានជួយសង្គ្រោះដល់អាយុជិវិតប្រជាជនកម្ពុជា។

លោកបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៧២៣ តាមរយៈរំដោះផ្ទៃដី មានយុទ្ធភណ្ឌគ្រឿងផ្ទុះ និងគ្រួសារចំនួន ៥៥ ១១១ នៅក្នុងស្រុកគោលដៅ តាមរយៈការផ្តល់សុវត្ថិភាព និងឱកាសអភិវឌ្ឍ ហើយនៅពីក្រោយតួរលេខ និងសមិទ្ធផលទាំងនេះ ប្រទេសចិន បានផ្តល់នូវអនាគតថ្មីដល់ប្រជាជនកម្ពុជា តាមរយៈការបោសសម្អាតនិងកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

To Top