ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ផុតឱសានវាទត្រឹម២៤ម៉ោងនោះ គិតមកដល់ព្រឹកថ្ងៃ១៧ មិថុនា នេះ អាជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជា បានសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ គ្រប់ប្រភេទពីថៃ នៅតាមច្រកទ្វារព្រំដែន កម្ពុជា-ថៃទាំងអស់។

ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ១៧ មិថុនាថា ភាគីកម្ពុជាបានសម្រេចចិត្តបិទ លើការនាំចូលបន្លែ ផ្លែឈើពីថៃ នៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗទាំងអស់ហើយ ។ លោកថា បន្ទាប់ពីការបិទ មិនទាន់ឃើញភាគីថៃ ចេញមកសួរនាំ នៅតាមទ្វារព្រំដែននោះទេ ខណៈស្ថានភាពក៏មិនទាន់មានអ្វី គួរឲ្យកត់សម្គាល់នោះទេ ព្រោះកម្ពុជាបានប្រកាសតាំងពីថ្ងៃ១៦ មិថុនា ។

លោកបន្តថា “ច្រកអន្តរជាតិដែលបានបិទ ការលើនាំចូលបន្លែផ្លែឈើពីថៃនេះ មានចំនួន៧ នៅច្រកជាំ ច្រកអូស្មាច់ ច្រកភ្នំដី ច្រកព្រំ ច្រកដូង ច្រកប៉ោយប៉ែត និងច្រកស្ទឹងបត់”។

កាលពីថ្ងៃ១៦ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទុកពេលឲ្យភាគីថៃ ត្រឹមរយៈពេល២៤ម៉ោង ក្នុងការបើកច្រកទ្វារព្រំដែន ដែលថៃបានបិទជាឯកតោភាគី បើមិនព្រមបើកទេ នឹងបិទទ្វារព្រំដែនមិនឲ្យមាន ការនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទពីថៃ។

សូមបញ្ជាក់ថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ បានឡើងជារលកកម្ដៅខ្លាំងម្តងទៀត កាលពីព្រឹកថ្ងៃ២៨ ឧសភា ក្រោយកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជា១នាក់ បាត់បង់ជីវិត នៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហារ ។ ក្រោយជម្លោះរវាងភាគីកើតឡើងអស់ជិត២០ថ្ងៃមក កម្ពុជាបានយកសំណុំរឿងតំបន់មុំបី , ប្រាសាទតាមាន់តូច , ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ(ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយក៏បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ កាលពីថ្ងៃល្ងាចថ្ងៃ១៧ មិថុនា ៕
