ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចាត់តាំងកម្លាំងការពារ ទប់ស្កាត់ ចោរលួច-ប្លន់ ក្នុងកម្មវិធីព្យុះហយាត្រា សាមគ្គីភាព

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានចាត់តាំងកងកម្លាំងការពារសុខសន្តិភាព និងសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត ដល់ប្រជាពលរដ្ឋចូលរួមក្នុងការដើរដង្ហែក្បួន ក្នុងកម្មវិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២៥ស្អែកនេះ ។

កម្មវិធីព្យុះហយាត្រាសាមគ្គីភាពនេះ ប្រារព្ធឡើងដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព របស់មហាជន ចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ ដែលបានកើតឡើងសារជាថ្មីម្តងទៀត កាលពីថ្ងៃ២៨ ឧសភា នៅតំបន់មុំបី។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចាត់តាំងអនុវត្តផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កម្មពិធីព្យុះហយាត្រាសាមគ្គីភាព នាថ្ងៃ១៧ មិថុនា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ណែនាំ ឲ្យមានការដឹកនាំបញ្ជាកម្លាំង ឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដោយធានាសុខសុវត្ថិភាព និងថែរក្សាទ្រព្យសម្បត្តិ ជូនអ្នកអញ្ជើញចូលរួមឲ្យបានល្អបំផុត ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គូសបញ្ជាក់ថា ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារ ដោះស្រាយសណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍ កុំឲ្យមានការកកស្ទះ នៅគ្រប់គោលដៅ ដោយការប្រើប្រាស់វិធានការ ជំនាញទាំងសន្តិសុខ និងព្រហ្មទណ្ឌ លើការងារបង្ការទប់ស្កាត់បទល្មើសលួច ឆក់ ។

ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឲ្យកងកម្លាំងជំនាញ ត្រូវធ្វើយ៉ាងណាក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយសភាពការណ៍ ឲ្យទាន់ពេលវេលា និងចាត់តាំងកម្លាំងអនុវត្តការងារល្បាត ត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាព សង្ស័យណាមួយ ដើម្បីបង្ការទប់ស្កាត់ និងចាត់វិធានការឲ្យមានប្រសិទ្ធភាព ។

ស្នងការបន្តទៀតថា ការរៀបចំកម្មពិធីព្យុះហយាត្រាសាមគ្គីភាពនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុត ដើម្បីបង្ហាញពីបេះដូងប្រជាពលរដ្ឋខ្មែរ ទូទៅក្នុងការរួបរួមសាមគ្គី និងឯកភាពជាតិ តែមួយដើម្បីគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី៕

To Top