ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ណែនាំមន្ដ្រីក្រោមឱវាទ បន្ដពង្រឹងការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំមន្ដ្រីរាជការក្រោមឱវាទទាំងអស់ បន្ដពង្រឹងការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស។

ការណែនាំរបស់ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរខេត្តជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានកោតសរសើរ និង វាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្តការងារក្នុងវិស័យ បានលទ្ធផលល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់បងប្អូនមន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ត្រូវមានវិន័យ មានសាមគ្គីភាព និងសហប្រតិបត្តិការល្អ ព្រមទាំងជំរុញការងារពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បាននាំមកនូវសម្ភារបរិក្ខារ សុវត្ថិភាពប្រើប្រាស់នៅការដ្ឋានមួយចំនួន ក្នុងនោះរួមមាន៖ អាវសុវត្ថិភាព ១០កុំប្លេ មួកសុវត្ថិភាព ១០កុំប្លេ ភ្លើងសញ្ញា ០២កុំប្លេ ផ្លាកសញ្ញាការដ្ឋាន ១៤កុំប្លេ កោណសុវត្ថិភាព ១០កុំប្លេ ទង់ក្រហម ០២កុំប្លេ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង មួកសុវត្ថិភាព ចរាចរណ៍ចំនួន ១០០មួក ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥ពាន់សន្លឹក និង Cold Mix សម្រាប់ជួសជុលសម្បុកមាន់ចំនួន ៤តោន ស្មើនឹង ២០០បាវ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនឧត្តរមានជ័យ៕

To Top