ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានមនុស្សភាគច្រើន ភ្ញាក់ផ្អើលនៅពេលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណែត ដោយកម្ពុជាមានភាពម្ចាស់ការខ្លួនឯង ។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បានបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។
នាឱកាស អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសាធារណជនទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិត ដោយខ្លួនឯង។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នាពេលថ្មីៗនេះ បងប្អូនជាច្រើនបានភ្ញាក់ មិនមិនមែនអ្នកនៅក្រៅប្រទេសទេ អ្នកនៅក្នុងប្រទេស បានភ្ញាក់ នៅពេលកម្ពុជាសម្រេចម្ចាស់ការខ្លួនឯង ក្នុងការធានាផ្គត់ផ្គួង់អគ្គិសនី និងអ៊ិនធឺណេតខ្លួនឯង ដោយមិនចាំបាច់ទិញមកពីថៃ មនុស្សច្រើនភ្ញាក់»។
សម្ដេចបវរធិបតី បន្ដថា ការសម្រេចចិត្តបញ្ហារឿងភ្លើងអគ្គិសនី និងអ៊ិនធឺណេត គឺជាការចាំបាច់ មិនមែនបានន័យថា «ផ្ដាច់ទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះទេ»។ ទំនាក់ទំនងជាមួយប្រទេសជិតខាង គឺចាំបាច់ត្រូវធ្វើជាបន្ដបន្ទាប់ ប៉ុន្ដែការងារខ្លះ កម្ពុជាអាចម្ចាស់ការខ្លួនឯងបាន គឺត្រូវពេលដល់ធ្វើហើយ។
សម្ដេច នាយករដ្ឋមន្ដ្រី បានរំលឹកថា នៅក្រោយទទួលព័ត៌មានថា មានក្រុមជ្រុលនិយមថៃ មួយចំនួនតូចស្នើដល់រដ្ឋាភិបាលថៃ ឱ្យកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និងអ៊ីនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជា សម្ដេច បានបញ្ជា ឱ្យកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត និងអគ្គិសនីដែលផ្គត់ផ្គង់ដោយថៃ ដោយដាក់ឱ្យដំ ណើរការប្រភព ថាមពលអគ្គិសនី និងអ៊ីធឺណិតរបស់កម្ពុជាវិញ ៕
