ព័ត៌មានជាតិ

សម្តេចធិបតី៖ គ្រាន់តែមិនទាន់ឆ្លើយតប គេនាំគ្នាចោទថា ត្រកូលហ៊ុន ទាំងឪទាំងកូន លក់ដីលក់ប្រាសាទទៅឱ្យគេ ខ្លាចគេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតប ទៅនឹងសកម្មភាព របស់ប្រទេសថៃ ដែលបានបំពានលើទឹកដីកម្ពុជា បែរជាមានគេចោទសម្តេចផ្ទាល់ និងសម្តេចតេជោ ថា បានលក់ទឹកដី លក់ប្រសាទទៅឱ្យទៅគេហើយ ព្រោះខ្លាចគេ ។

ការថ្លែងបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពេលខ្លះ មិនបាច់បកស្រាយគ្រប់ពេលនោះទេ ចាំភស្តុតាងជាក់ស្តែង លាតត្រដាងតែម្តង ជាក់ស្តែងភស្តុតាង ដែលឃើញនូវភាពម្ចាស់ការគ្រាន់ ពីរមុខ នៅក្នុងការធានាអគ្គិសនី និងធានា​អ៊ីនធើណេតខ្លួនឯង​ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយមិនចាំបាច់ពឹងប្រទេសថៃនោះ គឺអាចបង្ហាញនូវផលជាក់ស្តែង និងចក្ខុវិស័យជាក់ស្តែង របស់សម្តេចតេជោ នៅពេលនោះ ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ទាំងសម្តេចផ្ទាល់ និងសម្តេចតេជោ គឹមិនមានបំណងណា លក់ប្រទេស ឬមួយលក់អ្វីឱ្យបរទេសនោះទេ មានតែខិតខំធ្វើយ៉ាងណា ធ្វើគ្រប់វិធីសាស្ត្រ រួមទាំងការវិនិយោគពីបរទេស ទាក់ទាញ ដើម្បីឱ្យកម្ពុជាខ្លាំង ម្ចាស់ការឯករាជ្យដោយខ្លួនឯង ពេលណាដែលចាំបាច់ ដូចករណីជាមួយថៃ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ដោយសារនយោបាយឈ្នះ ឈ្នះ យើងបញ្ចប់សង្គ្រាម យើងរួបរួមគ្នា អត់ញែកទឹកដី បើកច្រកឱ្យយើងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់នូវកំណើនសេដ្ឋកិច្ច នៅតាមបណ្តោយព្រំដែន នេះហើយដែលធ្វើឱ្យសមត្ថភាពរបស់យើងពេលនេះ ទោះបីជាមានការគម្រាមកំហែងយ៉ាងណាក៏ដោយ យើងអាចឈរខ្លួនឯងបាន ដោយគ្មានពឹងផ្អែកដង្ហើមអ្នកណា នេះគឺជាការពិត នេះគឺជាផលនៃសន្តិភាព នយោបាយឈ្នះ ឈ្នះ ដែលយើងបានផលមកពេលនេះ នេះគឺជាការពិត ដែលខ្មែរយើង ដែលអតីតខ្មែរក្រហម អតីតរដ្ឋកម្ពុជា នៅជាមួយគ្នា ទាំងកងទ័ព ទាំងគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលពីមុនមិនភ្ជាប់ទឹកដី ឥឡូវយើងភ្ជាប់ ហើយយើងរួមគ្នាកសាង នេះគឺជាសមទ្ធផលជាក់ស្តែង ហើយនេះគឺជាអ្វីដែលស្ថិតនៅក្នុងស្មារតី នៃការកសាងធនធានមនុស្ស ជំនាន់ក្រោយ ដែលយន្តការកាយរឹទ្ធិជាតិកម្ពុជាចូលរួម គឺកសាងធនធានមនុស្ស កសាងធនធានរបស់ជាតិគ្រប់វិស័យ ដើម្បីមានលទ្ធភាព​ ធានាភាពម្ចាស់ការរបស់ខ្លួន នេះហើយគឺការធានាឯករាជ្យភាពរបស់កម្ពុជា កម្ពុជា មិនបានលក់ទឹកដី លក់ប្រាសាទឱ្យនរណាទេ ពេលដែលខ្ញុំមិនទាន់ឆ្លើយ រាជរដ្ឋាភិបាល សម្តេចតេជោ មិនទាន់ឆ្លើយ គេនាំគ្នាចោទ ថាត្រកូលហ៊ុន ទាំងឪទាំងកូន លក់ទៅឱ្យគេហើយ ខ្លាចគេហើយ” ។

បន្ថែមលើនេះ សម្តេចធិបតី បានគូសរំលេចថា ការធ្វើសកម្មភាពនយោបាយ មិនចាំបាច់លោតកញ្ចេងកញ្ឆាងនោះទេ ការធានាម្ចាស់ការ និងច្បាស់លាស់ ដោយមិនអាចលោតម្តងលិច ម្តងកើត រេរាលតាមខ្យល់ដូចចុងស្រល់នោះទេ ត្រូវមានភាពអត់ធ្មត់ មានភាពចាស់ទុំ ច្បាស់លាស់ ខណៈដែលមិនប្រាកដថា អ្នកលោតកញ្ចេងកញ្ឆាង ស្រែកចេកចាច ប្រកែរជាងអ្នកអត់លោតនោះទេ៕

To Top