ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជា សម្បទានខ្លាំងណាស់ ទៅលើបញ្ហាច្រកព្រំដែនជាមួយភាគីថៃ ឱ្យតែទ័ពថៃបើកដោយឯកតោភាគីឡើងវិញមក មិនបាច់ចរចាទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសម្បទានខ្លាំងណាស់ ទៅលើបញ្ហាច្រកព្រំដែន ជាពិសេសការនាំទំនិញចេញចូល តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ដោយសារតែកងទ័ពថៃ​ ជាអ្នកបិទច្រកដោយឯកតោភាគីដោយខ្លួនឯង ដូច្នេះគ្រាន់តែបើកដោយឯកតោភាគីដោយខ្លួនឯងឡើងវិញ ដោយស្ថានភាពវិលទៅរកដូចដើម មុនថ្ងៃទី៧មិថុនា គឺចប់រឿង មិនបាច់ចរចាច្រើននោះទេ ខណៈដែលកម្ពុជា រងចាំឆ្លើយតបទៅវិញ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ភាគីថៃ បានស្នើសុំឱ្យកម្ពុជា លើកយកបញ្ហាច្រកព្រំដែន​ នៃប្រទេសទាំងពីរ មកដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC កាលពីថ្ងៃទី១៤ ខែមិថុនា កន្លងទៅ ដោយសម្តេចបានឆ្លើយតបវិញភ្លាមៗថា វាមិនមែនជាកិច្ចការរបស់ JBC ដោយសារតែ JBC ទទួលខុសត្រូវតែរឿង បច្ចេកទេសព្រំដែន ។

ជាមួយគ្នានេះ សម្តចធិបតី បានគូសបញ្ជាក់ថា វាសាមញ្ញបំផុត ពេលដែលកងទ័ពថៃបិទព្រំដែនដោយឯកតោភាគី អត់មានប្រាប់កម្ពុជានោះទេ ហេតុដូចនេះវាស្រួលណាស់ បើកវិញឯកតោភាគីទៅចប់ហើយ កម្ពុជា ចាំតែទទួលទេ ខណៈដែលសម្តេចធិបតី អះអាងថា ក​ម្ពុជា គ្មានបំណងធ្វើឱ្យប៉ះពាល់​បងប្អូន​ ដែលរស់នៅតាមបណ្តោយព្រំដែន និងគ្មានបំណងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងទំនាក់ទំនងនោះទេ ។

ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងថា “កម្ពុជា ក៏មិនចង់រករឿងដែល យើងសម្បទានដល់ប៉ុណ្ណឹង យើងសម្បទានថា រឿងនេះ យើងអត់ចរចារទេ ប៉ុន្តែបើសិនជាថៃបើកវិញដោយឯកតោភាគី យើងនឹងនឹងបើកឡើងវិញដែរ៥ម៉ោងក្រោយ ដើម្បីឱ្យលំហូរនៃទំនិញ នៃប្រជាជនបានដូចដើម យើងសម្បទានដល់ប៉ុណ្ណឹង ព្រោះកម្ពុជា មានសិទ្ធិបើកមិនបើក ​ប៉ុន្តែដើម្បីកុំឱ្យប៉ះពាល់ប្រជាពលរដ្ឋ ប៉ុន្តែបើហៅមកអង្គុយគ្នាចរចាបើកអត់ទេ ថៃបិទមុន បើកមុនទៅចប់ហើយ អានឹងរឿងប៉ុណ្ណឹងតើ” ។

ក្នុងនោះសម្តេចធិ​បតី ក៏បានបញ្ជាក់ដែលថា សម្តេចបានជជែកតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីថៃ នូវកិច្ចចរចាផ្សេងៗ រួមទាំងកិច្ចការទាហាន និងទាហាន ដើម្បីកែសម្រួលកងទ័ពទាំងសងខាង កុំឱ្យប្រឈមមុខដាក់គ្នា ដោយកិច្ចការទាំងនេះ ត្រូវផ្អែកទៅលើទំនុកទុកចិត្តជាបុរេលក្ខ័ខណ្ឌ ។ បុរេលក្ខ័ខណ្ឌ នូវទំនុកចិត្តនេះ គឺត្រូវឱ្យភាគីថៃ ធ្វើមុនកម្ពុជា ដោយបើកច្រកព្រំដែន ឱ្យវិលទៅរកស្ថានភាពដូចដើម មុនថ្ងៃទី៧មិថុនា ដែលថៃ បានធ្វើដោយឯកតោភាគី មកលើកម្ពុជា នោះទើបអាចឈានទៅកិច្ចចរចា រឿងកងទ័ពបន្ថែមបាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា អត់ស្រលាញ់សង្គ្រាមទេ ត្រូវបង្ហាញនូវសុច្ឆន្ទៈមុនសិន បង្ហាញនូវភាពបុរេសកម្ម បុរេលក្ខ័ខណ្ឌគឺព្រំដែនត្រូវបើកទាំងសងខាង ទៅលក្ខ័ខណ្ឌដូចដើមវិញ ហើយដើម្បីឱ្យព្រំដែននេះ បើកទៅធម្មតាវិញ មិនបាច់ចរចាគ្នាទេ សូ​មឱ្យកងព័ទថៃបើកទៅ ព្រោះបិទបិទតែខ្លួនឯង បើកតែខ្លួនឯងទៅ កម្ពុជា នឹងឆ្លើយតបទៅវិញ កម្ពុជា សុំតែប៉ុណ្ណឹង៕

To Top