បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ស្ទាក់ឃាត់យកមកសួរនាំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីនៅរាជធានីភ្នំពេញ។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានមុខសញ្ញាជនសង្ស័យលួចម៉ូតូជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្វើដំណើរចូលមកខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនៅបទបញ្ជាដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ឲ្យពង្រឹងការយាមល្បាតនិងត្រួតពិនិត្យ នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ សេង សិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាXR ពណ៌ស ស្លាកលេខភ្នំពេញ 1CY-6766 លើផ្លូវកៅស៊ូ ក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះក៏បានស្ទាក់ឃាត់យកមកសួនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ សេង សិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ ចំនួន១គ្រឿងម៉ាកហុងដា XR ពណ៌ស ស្លាកលេខភ្នំពេញ 1CY-6766 ពីថ្ងៃទី១៦-០៦-២០២៥ម៉ោង១០ នៅជិតផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាកដមែន។ ក្រៅសួរនាំជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ជូនអធិការខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕
